(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ក្រុមមន្ត្រីនៅក្នុងរដ្ឋផ្លូរីដា (Florida), អារីហ្សូណា (Arizona) និងរដ្ឋហ្សកហ្ស៊ី (Georgia) បានក្លែងបន្លំ និងលាក់បាំងតួលេខអ្នកឆ្លង និងអ្នកស្លាប់ពិតប្រាកដដោយសារជំងឺ COVID-19 ដើម្បីអាចឲ្យពួកគេបើកទ្វាររដ្ឋឡើងវិញមុនកាលកំណត់។ នេះបើតាមគេហទំព័រ BuzzFeed News ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

គេហទំព័រ BuzzFeed News ដោយផ្អែកលើការស្រង់សម្ដីពីសាស្ត្រាចារ្យផ្នែកជីវៈស្ថិតិ លោកស្រី រូស អេតហ្ស៊ីយ៉ូនី (Ruth Etzioni) មកពីមជ្ឈមណ្ឌលមហារីក ហ្វ្រេដ ហ៊ូតជីនសុន (Fred Hutchinson Cancer Center) ក្នុងទីក្រុងស៊ីតថល (Seattle) បានបញ្ជាក់យ៉ាងដូច្នេះថា «មនុស្សម្នាកំពុងមើលឃើញពីតួលេខទាប នៃរបាយការណ៍ទាំងនេះ ដែលត្រូវបានក្លែងបន្លំ... នេះហាក់ដូចជានឹងជំរុញឱ្យមនុស្សចេញក្រៅ ខណៈពួកគេត្រូវស្ថិតនៅក្នុងផ្ទះ ហើយទីបំផុតពួកគេអាចនឹងឆ្លង COVID-19 និងស្លាប់»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកដទៃទៀតដូចជា Tampa Bay Times អ្នកស្លាប់ពិតប្រាកដដោយសារ COVID-19 នៅក្នុងរដ្ឋ Florida ដែលបានបើកទ្វារឡើងវិញកាលពីថ្ងៃទី០៤ ខែឧសភា គឺមានចន្លោះពី ១៧-៥៨ភាគរយ ដែលជាអាត្រាខ្ពស់ជាងតួលេខអ្នកស្លាប់ដែលត្រូវបានប្រកាស។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៥៩៣,០៣៩ករណី ក្នុងនោះស្លាប់ ៩៤,៩៤១នាក់, ជាសះស្បើយឡើងវិញ ៣៧០,៨១២នាក់ និងមនុស្ស ១៤.១លាននាក់បានទទួលការធ្វើតេស្ដ៕