(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ​អាជ្ញាធរឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន​៥,៦០៩នាក់ថ្មីទៀត និងអ្នកជំងឺ ១៣២នាក់ទៀតបាត់បង់ជីវិត​នៅក្នុងរយៈពេលតែ​​២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បូកបន្ថែមតួលេខថ្មីៗខាងលើនេះ​ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១១២,៣៥៩ករណី ក្នុងនោះស្លាប់សរុប ៣,៤៣៥នាក់ និងជាសះស្បើយឡើងវិញ ៤៥,៣០០នាក់។ បើពិនិត្យតាមអត្រាឆ្លងប្រចាំថ្ងៃនេះ គឺឥណ្ឌានៅតែមានកំណើនខ្ពស់ដដែល​នៃចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19។

គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី ៥៨ហើយ​ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា តែម្តង។ ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួនត្រូវបានដកចេញរួចទៅហើយ ក្នុងនោះមានដូចជារថយន្ត​អាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរតាមរថភ្លើង​មួយចំនួនអាចដំណើរការឡើងវិញ៕