(តូក្យូ)៖ រាជអាជ្ញាកំពូលរបស់ទីក្រុងតូក្យូ គ្រោងនឹងលាលែងពីមុខតំណែង បន្ទាប់ពីមានរសេចក្តីការណ៍ពីទស្សនាវដ្តីមួយថា លោកបានលេងល្បែង ស៊ីសងខុសច្បាប់ ក្នុងពេលដែលប្រទេសកំពុងស្ថិតក្នុងភាពមានអាសន្ននៅឡើយ នៅចំពោះមុខការឆ្លងរាតត្បាត COVID-19។ ប្រការនេះអាចនឹង ធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់នាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

លោក Kurokawa ដែលជារាជអាជ្ញាកំពូលរបស់ទីក្រុងតូក្យូ ត្រូវបានរងការវាយប្រហារយ៉ាងចាស់ដៃ នៅលើប្រព័ន្ធទំនាក់ទំនងសង្គម បន្ទាប់ពីមាន ទស្សនាវដ្តីមួយបានចុះផ្សាយថា លោកបានលេងល្បែងស៊ីសង ដែលបានរំលោភបំពានច្បាប់រក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសនេះកំពុងស្ថិត នៅក្នុងភាពអាសន្ននៅឡើយ។

រាជអាជ្ញារូបនេះត្រូវបានគេមើលឃើញថា មានភាពជិតស្និតជាមួយលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ហើយក៏ជាមនុស្សម្នាក់នៅចំកណ្តាលនៃការ ខឹងសម្បាររបស់មហាជន ចំពោះការខិតខំរបស់រដ្ឋាភិបាល ក្នុងការកែប្រែច្បាប់ពន្យារអាយុចូលនិវត្តន៍របស់ព្រះរាជអាជ្ញាពី៦៣ ឆ្នាំទៅ ៦៥ ឆ្នាំផងដែរ។ ប៉ុន្តែ សមាជិកសភាមកពីគណបក្សប្រឆាំង និងមជ្ឈដ្ឋានខ្លះបានលើកឡើងថា ច្បាប់នេះគឺមានគោលបំណងផ្តល់មូលដ្ឋានច្បាប់ដើម្បី រក្សាលោក Kurokawa ឲ្យនៅបន្តកាន់តំណែងតែប៉ុណ្ណោះ។

លោក Kurokawa ត្រូវបានអនុញ្ញាតឲ្យកាន់មុខតំណែងបន្តទៀត បើទោះបីជាលោកឆ្នាំនេះមានអាយុ ៦៣ឆ្នាំ ដែលជាអាយុចូលនិវត្តន៍ក៏ដោយ។ ដូច្នេះ រឿងអាស្រូវចុងក្រោយនេះ វាបានធ្វើឲ្យរដ្ឋាភិបាលលោក អាបេ កាន់តែទទួលរងការរិះគន់ និងខឹងសម្បារខ្លាំងជាងមុនទៀត ចំពោះច្បាប់កែប្រែអាយុចូលនិវត្តន៍របស់ព្រះរាជអាជ្ញាមួយនេះ៕