(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថាកំពុងប្រើប្រាស់ជម្លោះព្រំដែនជាមួយឥណ្ឌា ដើម្បីផ្លាស់ប្ដូរបទដ្ឋានសណ្ដាប់ធ្នាប់ ហើយបាន ជំរុញឱ្យទីក្រុងញូដេលី ទប់ទល់ត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

លោកស្រី Alice Wells ជាមន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចតំបន់អាស៊ីខាងត្បូង ធ្វើការកត់សម្គាល់បែបនេះ ប្រាប់វិទ្យាស្ថាន Atlantic Council think tank នៅថ្ងៃពុធសប្ដាហ៍នេះ។ បើតាមលោកស្រី Wells សកម្មភាពរបស់ចិន នៅក្នុងតំបន់ Himalayas និងតំបន់សមុទ្រចិនខាងត្បួង គឺមានលក្ខណៈ ស្រដៀងគ្នា នោះគឺជាការឈ្លានពាន។ លោកស្រី គូសបញ្ជាក់ដូច្នេះថា៖ «សម្រាប់អ្នកគ្រប់គ្នា ដែលយល់ថាការឈ្លានពានរបស់ចិនគ្រាន់តែជាវោហាស័ព្ទ ខ្ញុំគិតថាពួកគេគួរតែនិយាយទៅកាន់ឥណ្ឌា...បើសិនជាអ្នកសម្លឹងមើលសមុទ្រចិនខាងត្បូង សកម្មភាពរបស់ចិននៅទីនោះ គ្មានអ្វីខុសគ្នាពីការឈ្លានពាន ឡើយ ហើយមានបំណងផ្លាស់ប្ដូរបទដ្ឋានសណ្ដាប់ធ្នាប់បច្ចុប្បន្ន។ ទង្វើបែបនេះគួរតែទទួលការវាយបកត្រឡប់ទៅវិញ»

គួរបញ្ជាក់ថា កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នាជាច្រើនលើកនៅតំបន់ជម្លោះព្រំដែន ជាពិសេសនៅការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅឯតំបន់ Nathu La Pass ដែលតភ្ជាប់រដ្ឋ Sikkim របស់ឥណ្ឌា និងតំបន់ស្វយ័តទីបេ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរ ក៏ធ្លាប់មានសង្រ្គាមនឹងគ្នារយៈពេលខ្លីផងដែរ ក្នុងឆ្នាំ១៩៦២ ហើយរហូតមកទល់នឹងពេលនេះ ចិននៅតែទាមទារទឹកដីទំហំ ៩០,០០០គីឡូម៉ែត្រក្រឡា ដែលឥណ្ឌាកំពុងគ្រប់គ្រង។ ចំណែកឯ សហរដ្ឋអាមេរិកវិញ បានចេញមុខគំាទ្រ ក៏ដូចជាបង្កើនទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌា ដើម្បីទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់៕