(អាមេរិក)៖ ការប្រកាសអាសន្នត្រូវបានធ្វើឡើង ហើយប្រជាជនអាមេរិកច្រើនជាង ១សែននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីទំនប់ទឹកចំនួនពីរដែល មានអាយុកាលជិត ១០០ឆ្នាំនៅរដ្ឋមីឈីហ្គែន (Michigan) បានលេចធ្លាយ ដោយសារភ្លៀងយ៉ាងដំណំក្នុងតំបន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

ការលេចធ្លាយបានកើតឡើងកាលពីថ្ងៃអង្គារ នៅទំនប់ទឹក អ៊ីដិនវាល (Edenville) និង សេនហ្វដ (Sanford) ចម្ងាយខ្ទង់ ២២៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុង ដេត្រយត៍ (Detroit) ហើយភ្លាមៗនោះដែរ អាជ្ញាធរអាមេរិកបានប្រកាសឲ្យប្រជាជន ដែលនៅក្បែរដងទន្លេ ធីតតាបាវ៉ាស៊ី (Tittabawassee) ព្យាយាមរកកន្លែងទីទួលសុវត្ថិភាព។

បន្ថែមពីខាងលើនេះ អភិបាលរដ្ឋ Michigan ក៏បានប្រកាសអាសន្នសម្រាប់តំបន់ មីដលែនដ៍ (Midland) ជាកន្លែងដែលទំនប់ទឹកទាំងពីរស្ថិតនៅ ហើយបង្គាប់ឲ្យអ្នកដែលទទួលរងការគំរាមកំហែង ដោយទឹកជំនន់ ភៀសខ្លួនទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាព ជាមួយមិត្តភក្តិ ឬសាច់ញាតិ ឬក៏កន្លែងដែលអាជ្ញាធរបានរៀបចំឡើង។

គួរជម្រាបថា ដោយសារតែហេតុការណ៍នេះកើតឡើង ស្របពេលជាមួយគ្នានឹងការរាតត្បាតនៃជំងឺ COVID-19 អាជ្ញាធរអាមេរិកក៏ជំរុញឲ្យប្រជាជន ព្យាយាមអនុវត្តវិធានការបង្ការផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដូចជាពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និយាយរួមគឺកុំធ្វេសប្រហែសឲ្យសោះ។

ទំនប់ទាំងពីរខាងលើដែលមួយត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩២៤ និងមួយទៀតកាលពីឆ្នាំ១៩២៥ គឺកំពុងតែស្ថិតក្រោមនីតិវិធីនៃការរៀបចំលក់ នៅពេលការលេចធ្លាយនេះបានកើតឡើង៕