(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបាននិងកំពុង ទទួលរងការរិះគន់ក្នុងការលេបថ្នាំប្រឆាំងគ្រុនចាញ់ ដើម្បីការពារខ្លួនលោកជាប្រចាំពីជំងឺ COVID-19 ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនោះ នៅទីបំផុតបានអះអាងថា លោកនឹងឈប់លេបថ្នាំនេះទៀតហើយ នៅក្នុងរយៈពេល ១ ឬ ២ថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានានៅសេតវិមានថា «ខ្ញុំគិតថាការលេបថ្នាំនឹងបញ្ចប់នៅ ១ថ្ងៃ ឬពីរថ្ងៃទៀត។ ខ្ញុំគិតថា ២ថ្ងៃទៀតទៅចុះ»។ ការលើកឡើងរបស់លោក ត្រាំ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) កើតមានឡើងពីរថ្ងៃ បន្ទាប់ពីលោកបានអះអាងថា លោកតែងតែលេបថ្នាំប្រឆាំងជំងឺគ្រុនចាញ់ឈ្មោះ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ជាប្រចាំ ដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា បើទោះបីជាមានការព្រមានថា វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បេះដូងក៏ដោយ។

គួរបញ្ជាក់ថា រដ្ឋបាលថ្នាំពេទ្យ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានព្រមានកាលពីខែមុននេះថា ការប្រើថ្នាំប្រភេទ hydroxychloroquine និង chloroquine ដើម្បីព្យាបាលជំងឺ COVID-19 នៅក្រៅវេជ្ជបញ្ជា ឬការត្រួតពិនិត្យសុខភាពជាមុន នឹងអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសទៅលើចង្វាក់បេះដូង៕