(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា វាមិនទាស់ខុសអ្វីទេ ចំពោះការដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ប្រើមន្រ្តីក្រោមឱវាទ ដែលជាបុគ្គលិករដ្ឋាភិបាល ឲ្យធ្វើកិច្ចការកំប៉ិក​កំប៉ុក​ ដូចជាលាងចាន ឬបណ្តើរសត្វសុនខជាដើមនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

ការគូសបញ្ជាក់ខាងលើនេះ គឺទាក់ទងទៅនឹងការដកតំណែងមន្រ្តីស៊ើបអង្កេតម្នាក់នៅក្រសួងការបរទេសអាមេរិក ដោយលោក ត្រាំ កាលពីសប្តាហ៍មុន តាមសំណើរបស់លោក Pompeo។ ការដកតំណែងនោះ ត្រូវបានធ្វើឡើង បន្ទាប់ពី លោក Steve Linick ដែលជាមន្រ្តីផ្នែកស៊ើបអង្កេតប្រចាំក្រសួងការបរទេសអាមេរិក បានបើកការស៊ើបអង្កេតជុំវិញការសង្ស័យថា លោក Pompeo ទំនងជាបានប្រើបុគ្គលិករដ្ឋាភិបាលឲ្យបំពេញកិច្ចការឯកជនផ្ទាល់ខ្លួនរបស់លោក រួមមានដូចជាបណ្តើរសុនខ ទៅយកសម្លៀកបំពាក់ និងកក់កន្លែងនៅភោជនីយដ្ឋានជាដើម។

ជុំវិញបញ្ហានេះ លោក ត្រាំ បានលើកឡើងច្នេះថា៖ «លោក Pompeo គឺមានកិច្ចការងាររវល់ច្រើន ក្នុងនាមជាប្រមុខការទូត ដូច្នេះ​ខ្ញុំគិតថាការប្រើបុគ្គលិកឲ្យធ្វើការងារតូចតាចដូចជាលាងចាន ឬបណ្តើរសត្វសុនខ ជាដើម គឺមិនទាស់ខុសអ្វីឡើយ»។ ក៏ប៉ុន្តែ លោក ត្រាំ មិនបានបញ្ជាក់ចំពីមូលហេតុនៃការដកតំណែងលោក Linick នោះទេ ដោយគ្រាន់តែថា វាត្រូវបានធ្វើឡើងតាមសំណើ​របស់លោក Pompeo ហើយលោក Pompeo ផ្ទាល់ ក៏ពុំបានបញ្ជាក់ដែរ។

គួរជម្រាបថា ក្រៅពីការស៊ើបអង្កេតខាងលើ ក៏មានការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតដែរ ដែលលោក Linick បានចាប់​ផ្តើមឡើងគឺ ការស៊ើបថាតើលោក Pompeo បានព្យាយាមរកវិធីរំលងសភាជាតិអាមេរិក ដើម្បីពន្លឿននីតិវិធីគម្រោងលក់សព្វាវុធ​​​ដែលមានទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុនដែរឬយ៉ាងណា៕