(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាកំពុងចាត់នីតិវិធីច្បាប់បង្ខំឲ្យ ធនាគារចក្រភពអង់គ្លេសផ្ទេរ​មាសដែលខ្លួនតម្កល់ទុកនៅទីនោះ ដើម្បីយកមកប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

ធនាគារជាតិវេណេស៊ុយអេឡាទើបតែបានដាក់ពាក្យទាមទារតាមផ្លូវច្បាប់ ទៅកាន់តុលាការមួយនៅទីក្រុងឡុងដ៍ ដើម្បីបង្ខំឲ្យធនាគារជាតិរបស់​ចក្រភពអង់គ្លេស យល់ព្រមផ្ទេរមាសដែលវេណេស៊ុយអេឡាបានរក្សាទុកនៅទីនោះ ក្នុងទំហំទឹកប្រាក់១.១៣ពាន់លានដុល្លារអាមេរិកឲ្យ​​មករដ្ឋាភិបាលទីក្រុងការ៉ាកាស់ ដើម្បីប្រើក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។

ប្រទេសវេណេស៊ុយអេឡាបានស្ថិតក្រោមវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 តាំងតែពីខែមីនាមក ហើយ​​រដ្ឋាភិបាលវេណេស៊ុយអេឡាបានព្យាយាមទាមទារឲ្យធនាគារអង់គ្លេសផ្ទេរមាស តាំងពីមេសាកន្លងទៅ ខណៈប្រទេសអាមេរិកឡាទីននេះ​​ត្រូវប្រឈមនឹងជំងឺឆ្លង ស្របពេលដែលសេដ្ឋកិច្ចរបស់ខ្លួនទទួលរងគ្រោះដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិកស្រាប់។

គួរជម្រាបថា នៅទូទាំងប្រទេសវេណេស៊ុយអេឡាមានអ្នកឆ្លងជំងឺ COVID-19 សរុប៧៤៩នាក់ ក្នុងនោះស្លាប់១០នាក់ និងជាសះស្បើយវិញ​ជាង២៥០នាក់៕