(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីការដំឡើងពន្ធរហូតដល់ជាង៨០ភាគរយ ទៅលើផលិតផល គ្រាប់ធញ្ញជាតិម៉្យាងហៅថា Barley ដែលនាំចូលពីប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ការដំឡើងពន្ធខាងលើនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារនេះទៅតែម្តង។ ក្រសួងការពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការសម្រេចធ្វើបែបនេះ គឺដោយសារតែអាជ្ញាធរចិនរកឃើញថា ផលិតផលធញ្ញជាតិ Barley ដែលអូស្រ្តាលីនាំចូលមកកាន់ប្រទេសខ្លួនមានតម្លៃទាបខ្លាំង ដែលវាបាន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុករបស់ចិន។ អាជ្ញាធរចិនបានរកឃើញយ៉ាងដូច្នោះ ក្រោយការស៊ើបអង្កេតមួយ ដែលបាន ចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។

ជុំវិញរឿងនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក Simon Birmingham បាននិយាយថា ទង្វើរបស់ចិនគឺជាទង្វើគួរឲ្យខកចិត្តជាខ្លាំង ហើយ លោកបានប្រាប់ថា រដ្ឋាភិបាលអូស្រ្តាលីនឹងស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញគ្រាប់ធញ្ញជាតិ Barley។ បើតាមលោក Birmingham អូស្រ្តាលី ក៏អាចនឹងលើកបញ្ហានេះឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

គួរជម្រាបថា អូស្រ្តាលីគឺជាប្រទេសដែលផ្គត់ផ្គង់ Barley មកឲ្យចិនច្រើនជាងគេបង្អស់ គឺមួយឆ្នាំៗការនាំចេញគ្រាប់ធញ្ញជាតិនេះមានទំហំ ចន្លោះ៩៨០លានដុល្លារអាមេរិក ទៅ១.៣ពាន់លានដុល្លារអាមេរិក ដែលលើសពីពាក់កណ្តាលទៅទៀត នៃទំហំការនាំចេញផលិតផលសរុប របស់ប្រទេសអូស្រ្តាលី៕