(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា (Moderna) ដែលជាដៃគូរបស់វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក បានឱ្យដឹងថា លទ្ធផលបឋមនៃការធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19 មានលទ្ធផលវិជ្ជមានដោយក្រុមអ្នកស្ម័គ្រចិត្ត មានការអភិវឌ្ឍអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ប្រធានក្រុមវេជ្ជសាស្ត្រប្រចាំក្រុមហ៊ុន Moderna លោកវេជ្ជបណ្ឌិត តាល់ ហ្សេកស៍ (Tal Zaks) បានថ្លែងប្រាប់សារព័ត៌មាន CNN ថា បើសិនជាការធ្វើតេស្ដ និងសិក្សាស្រាវជ្រាវ មានលទ្ធផលល្អដូចនេះទៀតនៅពេលអនាគត នោះវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុននេះ អាចនឹងផលិតបានសម្រេចលឿនជាងការរំពឹងទុក ពោលគឺអាចនៅខែមករា ឆ្នាំ២០២១ តែម្ដង។

គួរបញ្ជាក់ថា លទ្ធផលបឋមខាងលើ កើតចេញពីការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សមួយក្រុមតូច ក្នុងតំណាក់កាលទីមួយ ដើម្បីកំណត់ថា តើវ៉ាក់សាំងនេះមានសុវត្ថិភាព និងអាចអភិវឌ្ឍអង់ទីករបានដែរ ឬក៏យ៉ាងណា។ ចំណែកឯទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុន Moderna កំពុងចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំងតំណាក់កាលទី ២ ហើយក្រុមហ៊ុនមានការផែនការត្រៀមធ្វើតេស្ដតំណាក់កាលទី ៣ ជាលក្ខណៈទ្រង់ទ្រាយធំ នៅខែកក្កដាខាងមុខនេះផងដែរ។

ដោយឡែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុននេះ ធ្លាប់បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា អាមេរិកនឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 នៅមុនដំណាច់ឆ្នាំ២០២០ ឬអាចមុននេះទៀតផងក៏ថាបាន ប៉ុន្តែក្រុមជំនាញអន្តរជាតិបានលើកឡើងថា វាជារឿងពិបាកនឹងទៅរួច ព្រោះប្រទេសទាំងឡាយដែលកំពុងអភិវឌ្ឍវ៉ាក់សាំង សុទ្ធតែស្ថិតនៅក្នុងតំណាក់កាលសាកល្បងទាំងអស់៕