(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលការធ្វើតេស្ដរក COVID-19 ជាប្រចាំ ហើយលទ្ធផលចេញមកគឺ «អវិជ្ជមាន» រាល់លើកតែម្តង។ នេះបើតាមប្រភពពីសេតវិមាន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងកំណត់ហេតុមួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) វេជ្ជបណ្ឌិតសេតវិមាន លោក សន ខុនឡេយ (Sean Conley) បានបញ្ជាក់ទៀតថា លោក ដូណាល់ ត្រាំ មានសុខភាពល្អពេញលេញ និងគ្មានរោគសញ្ញា COVID-19 នោះទេ។ លោក ត្រាំ បានទទួលការធ្វើតេស្ដរក COVID-19 ជារៀងរាល់ថ្ងៃ បន្ទាប់ពីជំនួយការផ្ទាល់ម្នាក់របស់លោក បានឆ្លងជំងឺដ៏កាចសាហាវមួយនេះ កាលពីជាងពីរសប្ដាហ៍មុន។

ការចេញផ្សាយកំណត់ហេតុខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក បានលេបថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដែលលោកផ្ទាល់អះអាងថា មានសក្ដានុពលខ្ពស់អាចព្យាបាលអ្នកជំងឺ COVID-19 ឱ្យជាសះស្បើយឡើងវិញ។

ប៉ុន្តែទីភ្នាក់ងារចំណីហារ និងឱសថអាមេរិក (FDA) កាលពីពេលថ្មីៗនេះ បានព្រមានជុំវិញការប្រើប្រាស់ថ្នាំ hydroxychloroquine ឬក៏ថ្នាំ ក្លរ៉ូឃ្វីន (chloroquine) សម្រាប់ព្យាបាល COVID-19 ដោយខ្លួនឯង និងមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ ព្រោះថាថ្នាំនេះអាចបណ្ដាលឱ្យមាន បញ្ហាដល់ចង្វាក់បេះដូង។

លើសពីនេះទៅទៀត ប្រធានសភាតំណាងរាស្ត្រលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ក៏បានជំរុញឱ្យលោក ដូណាល់ ត្រាំ មានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ថ្នាំទាំងនេះផងដែរ។ លោកស្រី បានគូសបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយ CNN ដូច្នេះថា «គាត់ (លោក ត្រាំ) គឺជាប្រធានាធិបតីរបស់យើង។ ដូច្នេះខ្ញុំចង់ឱ្យគាត់កុំប្រើប្រាស់ថ្នាំ ដោយមិនមានការអនុញ្ញាតពីអ្នកវិទ្យាសាស្ត្រ»៕