(ម៉ិចស៊ីកូ)៖ ចំនួនករណីឆ្លង COVID-19 នៅអាមេរិកឡាទីន នៅតែបន្តកើនឡើងយ៉ាងគំហុក ខណៈបណ្តាប្រទេសក្នុងតំបន់ បាននិងកំពុងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាសកល ដើម្បីលុបបំបាត់ជំងឺរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកខួបលើកទី ៧៣ ដែលបានធ្វើឡើងតាមរយៈវីឌីអូ Conference កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលគុយបា លោក ចូស អាំងហ្គែល ផរថល (Jose Angel Portal) បានលើកឡើងថា ជំងឺ COVID-19 គឺជាបញ្ហាប្រឈមសកល ដែលមិនស្គាល់ព្រំដែន មនោគមវិជ្ជា ឬកម្រិតនៃការអភិវឌ្ឍន៍ឡើយ។ វាកំពុងធ្វើតេស្តសាកល្បង លើប្រព័ន្ធសុខាភិបាលទាំងអស់នៅជុំវិញពិភពលោក ក៏ដូចជាតេស្តសាកល្បងលើសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាតសកលមួយនេះ។

លោក Jose Angel Portal បានសង្កត់ធ្ងន់យ៉ាងបញ្ជាក់ថា «គ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាមួយនេះតែម្នាក់ឯងនោះទេ។ ពោលវាទាមទាការឆ្លើយតបជាសកល ដោយផ្អែកលើសាមគ្គីភាព និងសហប្រតិបត្តិការល្អ»

ជុំវិញការលើកឡើងរបស់ដ្ឋមន្រ្តីក្រសួងសុខាភិបាលគុយបារូបនេះ ភាគីអាហ្សង់ទីនឯណោះវិញ ក៏បានបង្ហាញការចូលរួមជាមួយប្រទេសគុយបា ក្នុងការគាំទ្រអង្គការសុខភាពពិភពលោក និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ដើម្បីដោយស្រាយវិបត្តសកលមួយនេះ។ រដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីនលោក ហ្គីន ហ្គន់ហ្សាលែស ហ្គាសៀ (Gines Gonzalez Garcia) បានសម្តែងនូវការគាំទ្រ រាល់គំនិតផ្តួចផ្តើមទាំងក្នុងតំបន់ និងពិភពលោក ដែលសំដៅពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ ដោយមើលឃើញពីការកើនឡើងយ៉ាងគំហុក នៃចំនួនករណីឆ្លង COVID-19 អង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកទ្វីបអាមេរិកទាំងពីរ ជាចំណុចផ្ទុះឡើងថ្មីនៃជំងឺរាតត្បាតសកលមួយនេះ។ ប្រេស៊ីលដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅអាមេរិកឡាទីន បានកត់ត្រាចំនួនអ្នកឆ្លងសរុប ២៥៥,៣៦៨ករណី និងស្លាប់ ១៦,៨៥៣នាក់ ខណៈចំនួនករណីឆ្លងនៅប្រទេសប៉េរូវិញ បានកើនជិតដល់ ១០០,០០០ករណីហើយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ៕