(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) បាននិយាយថា សហរដ្ឋអាមេរិកកំពុងខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

លោក Joe Biden បានថ្លែងទៅកាន់អ្នកចូលរួមក្នុងព្រឹត្តិការណ៍មួយ តាមប្រព័ន្ធអនឡាញថា ទំហំនៃការបាត់បង់ពីវិបតិ្តសុខាភិបាលបង្កឡើង ដោយ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ៩ម៉ឺននាក់ និងឆ្លងច្រើនជាង ១.៥លាននាក់ គិតត្រឹមម៉ោង ៤៖០៣នាទីរសៀល នៅថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន) គឺជារឿងគួរឱ្យរន្ធត់ និងគួរឱ្យខឹងសម្បារ។

លោក Joe Biden ដែលត្រូវបានគេរំពឹងយ៉ាងខ្ពស់ថា នឹងក្លាយជាគូប្រជែងយកកៅអីប្រធានាធិបតីអាមេរិក ជាមួយលោក ដូណាល់ ត្រាំ នៅក្នុង ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ បានបង្កើនការរិះគន់យ៉ាងខ្លាំងលើលោក ត្រាំ ជុំវិញការដោះស្រាយវិបត្តិ COVID-19 ដែលអាចនឹងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលអ្នកទាំង ២ យកមកវាយប្រហារគ្នាទៅវិញទៅមក នៅអំឡុងការតស៊ូមតិ។

ក្រៅពីលោក Biden អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏បានរិះគន់លោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃផងដែរជុំវិញការដោះស្រាយវិបត្តិ COVID-19។ ប៉ុន្តែលោក ត្រាំ បានវាយបកទៅវិញថាលោក អូបាម៉ា គ្រាន់តែជាប្រធានាធិបតីអសមត្ថភាពម្នាក់តែប៉ុណ្ណោះ៕