(ប៉េកាំង)៖ នៅក្នុងកិច្ចអត្ថាធិប្បាយតាមរយៈ Video Link នាឱកាសបើកកិច្ចប្រជុំនៃសភាសុខភាពពិភពលោក ពីស្នាក់ការកណ្តាលអង្គការ WHO ក្នុងទីក្រុងហ្ស៊ឺណែវប្រទេសស្វីស នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសគាំទ្រ ចំពោះអង្គការសុខភាពពិភពលោកមួយនេះ ក្នុងការត្រួតពិនិត្យឡើងវិញដ៏ទូលំទូលាយ ឬអាចហៅបានថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងការឆ្លើយជាសកលចំពោះ COVID-19 នៅពេលដែលវីរុសនេះស្ថិតនៅក្រោមការគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ CNA។

ការលើកឡើងរបស់លោក ស៊ី ជិនពីង ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចរៀងៗខ្លួន ដោយអំពាវនាវឲ្យមានការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានចម្លងដល់មនុស្សជាង ៤.៨លាននាក់ ក្នុងនោះស្លាប់ជាង ៣១៧ពាន់នាក់ ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តចោទប្រកាន់មកលើចិន ឥតឈប់ឈរផងដែរនោះ។

លោកប្រធានាធិបតីចិន បានលើកឡើងចំពោះមុខបណ្តាថ្នាក់ដឹកនាំអន្តរជាតិ យ៉ាងដូច្នេះថា «ចិនគាំទ្រការត្រួតពិនិត្យឡើងវិញដ៏ទូលំទូលាយ ទៅលើការឆ្លើយតបជាសកលចំពោះ COVID-19 នៅពេលដែលយើង អាចគ្រប់គ្រងជំងឺរាតត្បាតសកលនេះ»។ លោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ទៀតថា ការងារខាងលើនេះតម្រូវឲ្យមាននូវ ឥរិយាបថប្រកបដោយវិជ្ជាជីវៈ និងបែបវិទ្យាសាស្ត្រ ហើយវាត្រូវតែដឹកនាំដោយ WHO ប្រកបដោយកម្មវត្ថុពិតប្រាកដ និងភាពយុត្តិធម៌ដែលត្រូវតែមានការគាំទ្រជារួម។

គួរបញ្ជាក់ថា ប្រទេសចិននៅតែការពារដល់សកម្មភាពកន្លងមករបស់ខ្លួន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបានផ្ទុះឡើងដំបូង នៅក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩។ ចិនបានចាត់ទុកថា ខ្លួនបានបំពេញភារកិច្ចប្រកបដោយលក្ខណៈបើកទូលាយ មានតម្លាភាព និងបានបញ្ចេញប្រតិកម្មយ៉ាងរហ័ស ដើម្បីចែកចាយព័ត៌មានអំពីជំងឺនេះ ទៅដល់អន្តរជាតិ។

បន្ថែមពីខាងលើនេះ ប្រទេសចិនក៏បានសម្រេចថា នឹងផ្តល់ជំនួយ ២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់រយៈពេល ២ឆ្នាំខាងមុខ ដើម្បីជួយអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ៕