(ណៃរ៉ូប៊ី)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ជំនួយ ១៥១ដុល្លារអាមេរិក ដល់បណ្តាប្រទេសមួយចំនួន ស្ថិតនៅតំបន់អាហ្វ្រិកខាងកើត ដើម្បីទប់ទល់នឹងវិបត្តិស្បៀងអាហារ ខណៈដែលជំងឺរាតត្បាតសកល COVID-19 កំពុងវាយលុកតំបន់នេះ ជាបណ្តើរៗហើយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ។

សេចក្តីថ្លែងការណ៍របស់ EU បានគូសបញ្ជាក់ទៀតថា ការផ្តល់ជំនួយខាងលើនេះ គឺផ្តោតសំខាន់ចំពោះក្រុមកសិករ នៅក្នុងតំបន់អាហ្វ្រិកខាងកើត ដើម្បីគាំទ្រឲ្យពួកគេមានលទ្ធភាព ក្នុងការដាំដុះដំណាំចាំបាច់នានា និងការចិញ្ចឹមសត្វផងដែរ ខណៈដែលជំងឺ COVID-19 កំពុងបង្កឲ្យផលិតកម្មចំណីអាហារ រងផលប៉ះពាល់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា ការផ្គង់ផ្គង់អាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅដល់មនុស្ស ជាពិសេសកុមារ គឺពិតជាចាំបាច់ខ្លាំងណាស់ ហើយសហភាពអឺរ៉ុប ក៏បានសន្យាបន្ថែមទៀតថា នឹងជួយឧបត្ថម្ភគាំទ្រដល់ការព្យាបាល កុមារដែលជួបបញ្ហាកង្វះអាហាររូបត្ថម្ភ និងការគ្រប់គ្រងជំងឺឆ្លងនានា នៅក្នុងតំបន់អាហ្វ្រិកខាងកើតផងដែរ។

បណ្តាប្រទេសអាហ្វ្រិកខាងកើតមានដូចជា ប៊ូរុនឌី កេនយ៉ា រ៉ាវ៉ាន់ដា ស៊ូដង់ខាងត្បូង តង់់ហ្សានៀ និង អ៊ូហ្គង់ដា គឺកំពុងកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ខណៈដែលភាពក្រីក្រនៅទីនោះ កើតមានធ្ងន់ធ្ងរស្រាប់ទៅហើយ៕