(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ហាញក្តីសង្ឃឹមរបស់លោកថា អាមេរិកនឹងអាចមានវ៉ាក់សាំង COVID-19 ដែលប្រើប្រាស់បាននៅចុងឆ្នាំ២០២០។ ការសង្ឃឹមនេះ​គឺមានសុទិដ្ឋិនិយមខ្ពស់ជាងប្រទេសដទៃៗទៀត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នា២០២០។

ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃកិច្ចប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «យើងប្រហែលនឹងទទួលបានវ៉ាក់សាំង ដែលប្រើប្រាស់បានជាផ្លូវការនៅខ្ទង់ចុងឆ្នាំនេះ ប្រសិនបើអាចទៅរួច ឬមុនចុងឆ្នាំផងក៏ថាបានដែរ ហើយពួកយើងគិតថា នឹងទទួលបានល្អៗក្នុងពេលឆាប់ខាងមុខ»។ លោក ត្រាំ បានបញ្ជាក់ថា នៅពេលមានវ៉ាក់សាំង លោកនឹងចល័តកង កម្លាំងយោធាឲ្យធ្វើការចែកចាយវា។

ការបង្ហាញក្តីសង្ឃឹមរបស់លោក ត្រាំ គឺមើលទៅមានសុទិដ្ឋិនិយមខ្ពស់​ជាងអ្វីដែលបណ្តាប្រទេសអឺរ៉ុបបានព្យាករណ៍។ យោងតាមទីភ្នាក់ងារឯកទេសផ្នែក ឱសថរបស់អឺរ៉ុប វ៉ាក់សាំងដែលអាចប្រើប្រាស់ផ្លូវការ គឺត្រូវចំណាយពេលអភិវឌ្ឍយ៉ាងតិចក៏ ០១ឆ្នាំទៀតដែរ ហើយនេះគឺក្នុងករណីដែលមានសុទិដ្ឋនិយមខ្ពស់បំផុត ដ្បិតជាទូទៅវាត្រូវប្រើពេលយូរឆ្នាំ។

ដោយឡែក អ្នកវិទ្យាសាស្រ្តផ្សេងទៀតធ្លាប់បានព្រមានថា ទោះបីពិភពលោកខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏វាអាចទៅរួចដែលថា វ៉ាក់សាំងមួយដែលមានប្រសិទ្ធភាពប្រឆាំង COVID-19 ប្រហែលជាពុំអាចត្រូវរកឃើញនោះទេ ឬក៏វ៉ាក់សាំងខ្លះបែរជាអាច​បង្កផលអវិជ្ជមានដូចជា ធ្វើឲ្យមនុស្សកាន់តែងាយឆ្លង COVID-19 ទៅវិញ។

គួរជម្រាបថា កន្លងមកអ្នកវិទ្យាសាស្រ្ត​មិនធ្លាប់អភិវឌ្ឍវ៉ាក់សាំងបានជោគជ័យ សម្រាប់វីរុសកូរ៉ូណាប្រភេទណាមួយឡើយ ដែលឆ្លងមកកាន់មនុស្ស ។ វ៉ាក់សាំងគឺមានសម្រាប់តែវីរុសកូរ៉ូណា ដែលឆ្លងរវាងសត្វប៉ុណ្ណោះ ឧទាហរណ៍ដូចជាប្រភេទវីរុសកូរ៉ូណា ដែលឆ្លងក្នុងចំណោមសត្វមាន់។ វ៉ាក់សាំងនោះ ត្រូវបានប្រើប្រាស់ដោយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ប៉ុន្តែវាមានគុណវិបត្តិធំមួយ គឺមាន់មួយចំនួនត្រូវងាប់ ដែលវ៉ាក់សាំងបែបនេះ បើប្រើសម្រាប់មនុស្សយើង គឺមិនអាចទទួលយកបានដាច់ខាត៕