(បាងកក)៖ អាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) នាថ្ងៃសុក្រនេះ បានសម្រេចចិត្តសាជាថ្មីថា នឹងមិនទាន់អនុញ្ញាតឲ្យ បើកអាកាសយានដ្ឋានអន្តរជាតិភូកេតឡើងវិញនោះទេ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសថា នឹងអនុញ្ញាត។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់ CAAT បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជានៅកោះភូកេតមិនមានករណីឆ្លង COVID-19 រយៈពេល ១៣ថ្ងៃមកហើយក៏ដោយក្តី ភូកេតនៅតែជាតំបន់ប្រឈមហានិភ័យមួយ ដែលត្រូវបន្តស្ថិតក្រោមការឃ្លាំមើលដោយប្រុងប្រយ័ត្ន ដូច្នេះហើយអង្គភាពប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 (CCSA) របស់រដ្ឋាភិបាលថៃ បានផ្តល់អនុសាសន៍ថា អាកាសយានដ្ឋាន អន្តរជាតិភូកេតត្រូវតែបន្តបិទទ្វារនាពេលនេះ»។

គួរជម្រាបថា ព្រលានយន្តហោះភូកេត ត្រូវបានបញ្ជាឲ្យបិទប្រតិបត្តិការ កាលពីថ្ងៃទី០៣ ខែមេសា ជាមួយបម្រាមហាមឃាត់លើ ជើងហោះហើរទាំងអស់ លើកលែងតែជើងហោះហើរពិសេសបន្ទាន់។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ថៃ បានប្រាប់ថា ការហាមឃាត់ជើងហោះហើរអន្តរជាតិចេញ-ចូលប្រទេសថៃ នឹងបន្តរហូតដល់យ៉ាងហោចថ្ងៃទី៣១ ខែឧសភានេះ៕