(វ៉ាស៊ីតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក រ៉ូបឺត អូប៊្រីយែន (Robert O'Brien) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ដោយផ្អែកលើរូបថតនានាចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង សហរដ្ឋអាមេរិកសន្មត់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺនៅមានជីវិត និងសុខភាពល្អធម្មតាទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

លោក រ៉ូបឺត អូប៊្រីយែន (Robert O'Brien) បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីតការសែតមួយ នាសេតវិមានកាលពីម្សិលមិញនេះ។ ឆ្លើយទៅកាន់សំនួរអ្នកសារព័ត៌មានដែលបានសួរថា តើបណ្តុំរូបភាពដែលសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយអំពីមេដឹកនាំរបស់ខ្លួន ជារូបភាពពិត ឬក៏អត់នោះ លោកបានលើកឡើងយ៉ាងដូច្នេះថា «បើសំដៅទៅលើរូបភាពរបស់លោក គីម ដែលកំពុងឈរកាត់ខ្សែបូរសម្ពោធរោងចក្រជីមួយកន្លែងនោះ តើអ្នកដឹងទេ! យើងគិតថា គាត់ (លោក គីម ជុងអ៊ុន) នៅមានសុខភាពល្អជាធម្មតា»

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិករូបនេះ ក៏បានបញ្ជាក់ទៀតផងដែរថា «យើងហៅកូរ៉េខាងជើងថា ប្រទេសឯកោ។ ដូច្នេះវាគឺពិបាកខ្លាំងណាស់ ក្នុងការទទួលបានព័ត៌មានចេញពីប្រទេសនោះ។ ពួកគេមិនបានបញ្ចេញមានព័ត៌មានច្រើនទេ ប៉ុន្តែពួកគេបានបញ្ចេញរូបថតរបស់គាត់ (គីម ជុងអ៊ុន) នៅរស់នៅឡើយ និងមានសុខភាពល្អទៀត។ ដូច្នេះហើយយើងមានតែសន្មត់ថា វាពិតជាបែបហ្នឹងមែន»

គួរជម្រាបថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបាត់មុខអស់រយៈពេល ២០ថ្ងៃជាប់ៗគ្នា កាលពីខែមេសាកន្លងទៅនេះ។ ប្រការនេះបានបង្កជាការសង្ស័យ និងពាក្យចចាមអារ៉ាមជាច្រើនជុំវិញសុខភាព និងអាយុជីវិតរបស់លោក។ សារព័ត៌មានខ្លះបានអះអាងថា លោកគីមបានក្លាយជាមនុស្សរុក្ខជាតិ ក្រោយពីទទួលការវះកាត់បេះដូងរួច ខណៈខ្លះទៀតបានសន្មត់ថា បានស្លាប់បាត់ទៅហើយ។

ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមនានាខាងលើនេះបានរលាយបាត់ទៅវិញ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយរូបថតជាច្រើនសន្លឹក អំពីសកម្មភាពរបស់មេដឹកនាំរបស់ខ្លួន កំពុងតែចូលរួមពិធីកាត់ខ្សែបូរសម្ពោធរោងចក្រជីមួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅនេះ៕