(ម៉ាឌ្រីដ)៖ អាជ្ញាធរអេស្ប៉ាញបានរាយការណ៍ឲ្យដឹងថា លោកយាយអាយុ ១១៣ឆ្នាំម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សមានវ័យចំណាស់ជាងគេ បំផុតនៅក្នុងប្រទេសអេស្ប៉ាញ ដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

បើតាមអាជ្ញាធរអេស្ប៉ាញបានគូសបញ្ជាក់ថា លោកយាយអាយុ ១១៣ឆ្នាំរូបនេះ មានឈ្មោះថា ម៉ារៀ ប្រ៊េនយ៉ាស៍ (Maria Branyas)។ លោកយាយបានឆ្លងជំងឺ COVID-19 កាលពីខែមីនាកន្លងទៅនេះ នៅពេលដែលប្រទេសទាំងមូល ត្រូវបានបិទទ្វារនៅចំពោះមុខការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែបន្ទាប់ពីបានស្ថិតនៅក្នុងស្ថានភាពនៅដាច់ដោយឡែកពីគេ អស់រយៈពេលជាច្រើនសប្តាហ៍ លោកយាយ Maria Branyas ក៏បានជាសះស្បើយឡើងវិញ។

បើមើលតាមអាយុរបស់លោកយាយខាងលើនេះមានន័យថា ក្នុងមួយឆាកជីវិតរបស់គាត់បានឆ្លងកាត់ ជំនាន់នៃការរាតត្បាតនៃជំងឺផ្តាសាយអេស្ប៉ាញនៅឆ្នាំ១៩១៨–១៩១៩, សង្គ្រាមស៊ីវិលអេស្ប៉ាញឆ្នាំ១៩៣៦-១៩៣៩ និងជំងឺរាតត្បាតសកល COVID-19 នៅឆ្នាំ២០២០ ថែមមួយទៀត។

គួរជម្រាបថា លោកយាយ Maria Branyas កើតក្នុងឆ្នាំ១៩០៧ និងមានកូនបីនាក់ ដោយកូនច្បងមានអាយុ ៨៦ឆ្នាំ។ លោកយាយក៏មានចៅ ១១នាក់ ព្រមទាំងចៅទួត ១៣នាក់ផងដែរ ហើយសម្រាប់ចៅច្បងរបស់លោកយាយ មានអាយុរហូតដល់ ៦០ឆ្នាំឯណោះ៕