(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ គ្យូម៉ូ (Andrew Cuomo) បានជំរុញក៏ដូចជាលើកទឹកចិត្តឱ្យប្រជាជន នៅក្នុងរដ្ឋមួយនេះទាំងអស់ «ពាក់ម៉ាស» ដើម្បីបង្ហាញការគោរពដល់គិលានុបដ្ឋាក និងវេជ្ជបណ្ឌិត ដែលបានពលីជីវិតជួយសង្រ្គោះជីវិតអ្នកដទៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

កំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោក Cuomo បានហៅការពាក់ម៉ាសថា «ជាសញ្ញាបង្ហាញការគោរពសម្រាប់អ្នកដទៃ» ខណៈរដ្ឋញូយ៉ក បានរាយការណ៍ពីអ្នកស្លាប់ថ្មី ដោយសារ COVID-19 ចំនួន ១៩៥នាក់បន្ថែម បើទោះជាចំនួនអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ថយចុះក៏ដោយ។ លោកអភិបាលបានបន្តទៀតថា ប្រជាជនក្នុងរដ្ឋញូយ៉ក គួរតែពាក់ម៉ាស់ដើម្បីបង្ហាញការគោរព ដល់គិលានុបដ្ឋាក និងវេជ្ជបណ្ឌិត ដែលបានពលីជីវិតជួយសង្រ្គោះជីវិតអ្នកដទៃ ជាមួយការព្រមានដែរថា រដ្ឋញូយ៉កមិនទាន់រួចផុតពីគ្រោះថ្នាក់នោះទេ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅរដ្ឋញូយ៉ក) រដ្ឋញូយ៉កតែងឯងមានករណីឆ្លង COVID-19 សរុប ៣៤៣,០០០ករណី ក្នុងនោះស្លាប់ ២៧,០០០នាក់ ខណៈសហរដ្ឋអាមេរិកទាំងមូលមានករណីឆ្លង សរុប ១,៤០៨,៦៣៦ករណី ក្នុងនោះស្លាប់ ៨៣,៤២៥នាក់ និងជាសះស្បើយឡើងវិញ ២៩៦,៧៤៦នាក់៕