(ម៉ុមបៃ)៖ កងកម្លាំងប៉ូលិសសរុបជាង ១,០០០នាក់ នៅក្នុងរដ្ឋមហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 នៅពេលពួកគេចុះបំពេញភារកិច្ច ហើយក្នុងចំណោមករណីឆ្លងទាំងអស់នេះ ២២១នាក់ទើបតែត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

មហារ៉ាស្ត្រាគឺជារដ្ឋធំបំផុតលំដាប់លេខ ២ នៅប្រទេសឥណ្ឌា ដែលមានប្រជាជនរស់នៅសរុបជាង ១១៤លាននាក់ និងកំពុងរ៉ាប់រងករណីឆ្លងជំងឺ COVID-19 ចំនួនជាង ២៣,០០០ករណី ក្នុងចំណោមករណីឆ្លងទូទាំងប្រទេស ៧១,៤៤១ករណី ក្នុងនោះស្លាប់សរុប ២,៣១០នាក់ និងជាសះស្បើយវិញ ២៣,០៥៩នាក់។

គួរបញ្ជាក់ថា ក្នុងចំណោមមន្ត្រីប៉ូលិសឥណ្ឌាដែលបានឆ្លងជំងឺ COVID-19 សរុបនៅទូទាំងរដ្ឋមហារ៉ាស្ត្រាចំនួន ១,០០៧នាក់នោះ ០៧នាក់បានបាត់បង់ជីវិត និង ១១៣នាក់ជាសះស្បើយឡើងវិញ៕