(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារនេះ បានប្រកាសពីបញ្ជីឈ្មោះទំនិញអាមេរិកចំនួន ៧៩មុខ ដែលនឹងទទួលបានការអនុគ្រោះ ឬលើកលែងពីការដំឡើងពន្ធ នៃសង្គ្រាមពាណិជ្ជកម្ម ដែលមានគោលដៅដាក់សម្ពាធឱ្យទីក្រុងប៉េកាំង បង្កើនការនាំចូលផលិតផលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុចិន បានឱ្យដឹងទៀតថា ការអនុគ្រោះថ្មីនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី១៩ ខែឧសភា ហើយនឹងអស់ សុពលភាព នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ហើយទំនិញដែលត្រូវបានលើកលែងពីការដំឡើងពន្ធ ក្នុងនោះរួមមាន រ៉ែលោហៈកម្រ, រ៉ែមាស និងរ៉ែប្រាក់ជាដើម។ ក្រសួង មិនបានបញ្ជាក់លម្អិតពីទំហំគិតជាទឹកប្រាក់នៃទំនិញនាំចូលទាំងនេះឡើយ។ ប៉ុន្តែ កាលពីខែកុម្ភៈ ទីក្រុងប៉េកាំង បាននិយាយថាខ្លួននឹងផ្ដល់ការលើកលែង សម្រាប់ទំនិញអាមេរិក ៦៩៦មុខ ក្នុងនោះរួមមានផលិតផលសំខាន់ដូចជាសណ្ដែកសៀង និងសាច់ជ្រូក ផ្អែកលើការស្នើសុំពីក្រុមហ៊ុនចិន។

គួរជម្រាបថា ក្រុមអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិកចិន បានរៀបចំកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីសប្ដាហ៍មុន និងបានពិភាក្សាគ្នាពីការអនុវត្តកិច្ចព្រមព្រៀង តំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករាកន្លងទៅ។ នៅក្រោមកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាកាលពីខែមករា ទីក្រុងប៉េកាំងបានសន្យាថា នឹងទិញផលិតផល និងសេវាកម្មអាមេរិកបន្ថែមយ៉ាងហោច ២០០ពាន់លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំ ជាថ្នូរនឹងការបន្ធូរបន្ថយការដំឡើងពន្ធពី សហរដ្ឋអាមេរិក៕