(បរទេស)៖ តឹកតាងមួយចំនួនដែលទើបតែត្រូវបានរកឃើញ ក្នុងរូងភ្នំមួយនៅប្រទេសប៊ុលហ្គារីបានបង្ហាញថា អម្បូរមនុស្សសម័យដំបូង ហូម៉ូសេភៀន (Homo sapiens) អាចមកដល់ដែនដីអឺរ៉ុបតាំងពី ៤៧,០០០ឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Science Alert នៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

សំណល់ឆ្អឹង ធ្មេញ រួមជាមួយនិងវត្ថុបុរាណដទៃៗទៀត ត្រូវបានរកឃើញកប់នៅក្រោមដីជ្រៅ ក្នុងរូងភ្នំមួយហៅថា បាចូ គីរ៉ូ (Bacho Kiro) ជាទីបុរាណស្ថាន នៅឯភូមិភាគកណ្តាលនៃប្រទេសប៊ុលហ្គារី។ បើតាមលទ្ធផលស្រាវជ្រាវ​ទៅលើតឹកតាងទាំងនោះបានបង្ហាញថា អម្បូរមនុស្សដំបូង Homo sapiens បានស្ថិតក្នុងរូងភ្នំ Bacho Kiro ចាប់ពីចន្លោះ ៤៥,៨២០-៤៦,៩៤០ឆ្នាំមុន ខណៈកន្លងមកក្រុមអ្នកស្រាវជ្រាវធ្លាប់បានអះអាងថា អម្បូរមនុស្សដែលអាចបន្តពូជពង្សមកដល់បច្ចុប្បន្នខាងលើនេះ បានមកដល់ទឹកដីអឺរ៉ុបដំបូងកាលពីខ្ទង់ ៤៥,០០០ឆ្នាំមុន។

គួរជម្រាបថា មុនការមកដល់នៃអម្បូរមនុស្ស Homo sapiens ដែនដីអឺរ៉ុបគឺជាដែនដីកំណើតរបស់អម្បូរមនុស្សមួយប្រភេទទៀតហៅថា នៀនដឺថាល់ (Neanderthals)។ បើតាមភស្តុតាងពីសំណល់ហ្វូស៊ីល (Fossil) អម្បូរមនុស្សនេះ (Neanderthals) បានផុតពូជនៅអឺរ៉ុបកាលពី ៣៩,០០០-៤០,០០០ឆ្នាំមុន ហើយមូលហេតុនៃការផុតពូជរបស់ពួកគេ គឺមានកត្តាជាច្រើន​ត្រូវបានលើកឡើង ក្នុងនោះមានដូចជា ការប្រកួតប្រជែងជាមួយអម្បូរមនុស្ស Homo sapiens, ការប្រែប្រួលអាកាសធាតុ ឬកត្តារួមផ្សំដទៃៗទៀត៕