(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ ចំពោះការចរចាឡើងវិញលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំណាក់កាលទី ១ «Phase 1» ជាមួយចិន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ទីប្រឹក្សារដ្ឋាភិបាលប៉េកាំងមួយចំនួន កំពុងជំរុញឱ្យមានកិច្ចចរចាជាថ្មី ឬមោឃៈភាពកិច្ចព្រមព្រៀងនេះតែម្ដង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ដែលធ្លាប់បានពិចារណាបោះចោល​កិច្ចព្រមព្រៀងតំណាក់កាលទី ១ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោកចង់ឃើញទីក្រុងប៉េកាំងគោរពតាមសន្យា​បង្កើនការទិញផលិតផលអាមេរិក។ នៅក្រោមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ទីក្រុងប៉េកាំងបានសន្យាថា នឹងទិញផលិតផល និងសេវាកម្មអាមេរិកបន្ថែមយ៉ាងហោច ២០០ពាន់លានដុល្លារ សម្រាប់រយៈពេល ០២ឆ្នាំជាថ្នូរនឹងការបន្ធូរបន្ថយ​ការដំឡើងពន្ធពីសហរដ្ឋអាមេរិក។

ប៉ុន្តែដោយសារតែការផ្ទុះឡើងនូវ COVID-19 ដែលកំពុងបង្កឱ្យប្រជាជនអាមេរិករាប់លាននាក់គ្មានការងារធ្វើ លោក ត្រាំ ផ្ទាល់ដែលធ្លាប់បន្ទោសចិន ជុំវិញការដោះស្រាយវិបត្តិជំងឺឆ្លងរាតត្បាតសកលនេះតាំងពីដំបូង បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ ចំពោះការចរចាឡើងវិញលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១។ លោក បានលើកឡើងដូច្នេះថា «ខ្ញុំមិនចាប់អារម្មណ៍ចំពោះ ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនេះ... យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ខ្ញុំក៏បានលឺផងដែរថា ពួកគេ (ចិន) ចង់បើកកិច្ចចរចាជាថ្មី ដើម្បីធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀង​ដ៏ល្អសម្រាប់ពួកគេ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋចិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ទីប្រឹក្សាមិនបញ្ចេញអត្តសញ្ញាម្នាក់​នៃរដ្ឋាភិបាលចិន បានឱ្យដឹងថា ក្រុមមន្ត្រីចិនអាចនឹងពិចារណា ពីការសម្រេចមោឃៈភាព​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាល់ទី ១ ហើយនឹងធ្វើការចរចាឡើងវិញជាថ្មី ដើម្បីស្វែងរកផលប្រយោជន៍បន្ថែមសម្រាប់ភាគីចិន៕