(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសនេះបានលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ដែលត្រូវបានផលិតក្នុងស្រុកផ្ទាល់ ទៅកាន់បណ្តាប្រទេសមួយចំនួនរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក Mohammad Javad Zarif បានលើកឡើងថា គិតត្រឹមសប្តាហ៍នេះ​អុីរ៉ង់បានលក់ឧបករណ៍ធ្វើតេស្តរក COVID-19 សរុបចំនួនជាង ៤០,០០០កំផ្លេ ទៅកាន់ប្រទេសអាល្លឺម៉ង់ តួកគី និងបណ្តាប្រទេសមួយចំនួនទៀត។ លោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់រូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់​នៃការរួបរួមគ្នារវាងប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺរាតត្បាតសកលមួយនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះតែម្តង អុីរ៉ង់មានករណីឆ្លងជំងឺ COVID-19 សរុប ១០៦,២២០ករណី ក្នុងនោះស្លាប់ ៦,៥៨៩នាក់ និងជាសះស្បើយ ៨៥,០៦៤៕