(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៧៥៣ករណីបន្ថែមទៀត ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២២,៤៦០ករណីហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៩ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។

គួរជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២២,៤៦០ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិត ខណៈជាង ២,០០០នាក់បានជាសះស្បើយឡើងវិញ។ សិង្ហបុរីនៅតែជាប្រទេសដែលមាន ចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំ ១០ ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងកម្រិតទាប៕