(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃសុក្រនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា ជំនួយការផ្ទាល់របស់កូនស្រីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ានកា ត្រាំ (Ivanka Trump) ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

ព័ត៌មាននេះបានលិចលឺក្នុងថ្ងៃតែមួយ នៅពេលដែលអ្នកនាំពាក្យរបស់អនុប្រធានាធិបតី ម៉ៃក៍ ភែន គឺលោកស្រី ខេធី មីល្លឺ (Katie Miller) ក៏ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺរាតត្បាតសកលមួយនេះដូចគ្នាដែរ។ ប្រការនេះកំពុងបង្កក្តីបារម្ភ អំពីលទ្ធភាពនៃការឆ្លងរាលដាលនៅក្នុងសេតវិមាន។

ទោះជាយ៉ាងណា លោកស្រី Ivanka និងស្វាមីលោកស្រី គឺលោក ចារែដ ឃូស្នឺ (Jared Kushner) ដែលសុទ្ធតែជាទីប្រឹក្សាជាន់ខ្ពស់របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។ ចំណែកឯ លទ្ធផលធ្វើតេស្តចុងក្រោយ របស់លោក ត្រាំ និងលោក ភែន ក៏បានបង្ហាញថា មិនបានឆ្លងជំងឺនេះដែរ។

គួរជម្រាបថា ការរកឃើញករណីឆ្លងបន្តបន្ទាប់គ្នានេះ កំពុងការជាក្តីបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការឆ្លងរាល COVID-19 នៅក្នុងចំណោមបណ្តាមន្រ្តីនៅសេតវិមាន ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព លោកប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដែលកំពុងតែ ដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ការធ្វើតេស្តរក COVID-19 ត្រូវបាន ធ្វើឡើងជាប្រចាំជាពិសេសសម្រាប់លោក ត្រាំ និងលោក ភែន តែម្តង ហើយវិធានការបង្ការផ្សេងៗ ក៏ត្រូវបានរឹតបន្តឹងឲ្យខ្លាំងជាងមុនដែរ៕