(កង់បេរ៉ា)៖ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក ហ្គ្រេក ហាន់ត៍ (Greg Hunt) នាថ្ងៃសៅរ៍នេះបានសម្តែងការស្ងើចសរសើរ ចំពោះការចូលរួមសហការរបស់ ប្រជាពលរដ្ឋអូស្រ្តាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 យ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃសៅរ៍នេះលោក Hunt បានថ្លែងនៅចំពោះមុខ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តាមរយៈការគោរពប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន ចំពោះចំណាត់ការរឹតត្បិតនានា ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ប្រជាពលរដ្ឋអូស្រ្តាលីបានធ្វើ ឲ្យប្រទេសរបស់លោកគេ ក្លាយជាប្រទេសគំរូមួយនៅលើពិភពលោក»

លោក Hunt បានបន្តទៀតថា ពេលវេលាកន្លងមកនេះ គឺលោកទទួលស្គាល់ថា មានភាពលំបាកខ្លាំង ប៉ុន្តែឥឡូវអូស្រ្តាលីបាននិងកំពុងចាប់ផ្តើម ឆ្ពោះទៅរកការស្រោចស្រង់ឡើងវិញទាំងផ្នែកសុខភាព សេដ្ឋកិច្ច និងការងារ។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសពីផែនការ ០៣ជំហាន ដើម្បីដកការរឹតត្បិតទាក់ទង COVID-19 ចេញវិញ។ នៅក្រោមផែនការនោះ លោក Morrison សង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចអូស្រ្តាលី នឹងអាចវិលទៅដូចដើមវិញទាំងស្រុងដូចកាលពីមុន នៅខែកក្កដា ឆ្នាំ២០២០។

យោងតាមតួលេខចុងក្រោយ ករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអូស្រ្តាលី មានសរុប ៦,៩២៧ករណី ក្នុងនោះស្លាប់ ៩៧នាក់ និងជាសះស្បើយ ៦,១២៤នាក់ ខណៈអត្រាឆ្លងប្រចាំថ្ងៃ គឺបានបន្តស្ថិតក្នុងកម្រិតដ៏ទាប និងអាចគ្រប់គ្រងបាន៕