(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ១៨ករណីថ្មី បន្ទាប់ពីករណីឆ្លងនៅក្នុង ប្រទេសអាស៊ានមួយនេះស្ថិតនៅក្រោមខ្ទង់១០នាក់ ពេញមួយសប្ដាហ៍កន្លងទៅ។ ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើបូកបញ្ចូលតួលេខឆ្លងថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ២,៩៨៧នាក់ ក្នុងនោះមាន ៥៤នាក់ស្លាប់ និង២,៧៤០នាក់ ជាសះស្បើយឡើងវិញ ចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា មក។ ដោយឡែក បើតាមអាជ្ញាធរសុខាភិបាលថៃ ករណីឆ្លងថ្មីទាំងអស់ គឺជាពលករបរទេសដែលបាន ចូលមកក្នុងប្រទេសថៃ ដោយឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ នៅខេត្ត Songkhla ភាគខាងត្បូងនៃប្រទេស។

បច្ចុប្បន្ន ពលករបរទេសខាងលើកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក នៅឯមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយកន្លែង រួមជាមួយមនុស្ស៤២នាក់ផ្សេងទៀត ដែល ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃទី២៥ ខែមេសា៕