(ម៉ិចស៊ីកូស៊ីធី)៖ ក្រសួងសុខាភិបាលម៉ិចស៊ីកូនាថ្ងៃអាទិត្យ បានឲ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅក្នុងប្រទេសខ្លួន បានកើនដល់ ២៣,៤៧១នាក់ ក្នុងនោះស្លាប់២,១៥៤នាក់ បន្ទាប់ពីមានករណីឆ្លងថ្មី១,៣៨៣ករណី និងស្លាប់ថ្មី៩៣ករណីថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

លោក Hugo Lopez-Gatell អនុរដ្ឋមន្រ្តីសុខាភិបាលប្រទេសម៉ិចស៊ីកូ បានបញ្ជាក់ថា អាជ្ញាធរកំពុងរង់ចាំលទ្ធផលនៃមនុស្ស១៩១នាក់ទៀត ដែលត្រូវសង្ស័យថាបានបាត់បង់ជីវិត ដោយសារ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លងនិងស្លាប់ថ្មីនៅម៉ិចស៊ីកូកាលពីថ្ងៃសៅរ៍ វិញ គឺឆ្លង១,៣៤៩ករណី និងស្លាប់៨៩ករណី។ បើតាម Gatell ចំណុចកំពូលនៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសលោក ទំនងជា នឹងផុតនៅថ្ងៃពុធ ទី០៦ ខែឧសភា។

គួរជម្រាបថា កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ រដ្ឋាភិបាលម៉ិចស៊ីកូបានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចរក្សាទុកវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣០ ខែឧសភា ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ក៏ប៉ុន្តែនៅតាមទីក្រុងឬតំបន់ ដែលមានអត្រាឆ្លងធ្លាក់ចុះ ទាប បទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះអាចនឹងត្រូវដកចេញវិញ ឆាប់បំផុតនៅថ្ងៃទី១៧ ខែឧសភា៕