(អាមេរិក)៖ អាចម៍ផ្កាយតូចមួយដែលមានត្រូវបានគេអះអាងថា មានទំហំប៉ុនរថយន្តក្រុងមួយគ្រឿង ដែលទើបតែត្រូវប្រទះឃើញនាពេលថ្មីៗនេះប៉ុណ្ណោះ បានហោះកាត់ភពរបស់យើង នៅរយៈចម្ងាយជាងពាក់ កណ្តាលនៃគម្លាតរវាងផែនដី និងព្រះច័ន្ទ។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

អាចម៍ផ្កាយដែលមានឈ្មោះសម្គាល់ថា 2020 JA បានហោះឆ្លងកាត់ផែនដី នៅចម្ងាយត្រឹម ២៣៨,០០០គីឡូម៉ែត្រ កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ។ រយៈចម្ងាយនោះស្មើនឹង ០.៦២ដងនៃគម្លាតរវាងភពរបស់យើងទៅកាន់ព្រះច័ន្ទ ដែលមានចម្ងាយជាមធ្យម ៣៨៥,០០០គីឡូម៉ែត្រ។ អាចម៍ផ្កាយ 2020 JA មានអង្កត់ផ្ចិតចន្លោះ ៩.៦-២២ម៉ែត្រ។

គួរជម្រាបថា យោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA អាចម៍ផ្កាយតូចៗដូចជា 2020 JA តែងហោះកាត់ភពផែនដី ជាច្រើនលើកក្នុងមួយខែ ហើយជាទូទៅពុំបង្កហានិភ័យអ្វីដែល់ភពយើងឡើយ។ កាលពីចុងខែមេសាកន្លងទៅនេះ ក៏មានអាចម៍ផ្កាយធំមួយ ហោះកាត់ផែនដីយើងផងដែរ នៅចម្ងាយជាង ៦លានគីឡូម៉ែត្រ ដែលវាមានអង្កត់ផ្ចិតដល់ទៅជាង ២គីឡូម៉ែត្រ មានឈ្មោះថា 1998 OR2 ប៉ុន្តែមិនទាន់មានអង្គការណាមួយ បញ្ចេញរូបភាពវានៅឡើយទេ ជិតមួយសប្តាហ៍មកនេះ៕