(វែលលីងតុន)៖ ក្រសួងសុខាភិបាលនូវែលសេឡង់នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា មិនមានករណីឆ្លង COVID-19 ណាមួយត្រូវបានរាយការណ៍នោះទេ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈករណីឆ្លងសរុបទូទាំងប្រទេសនៅតែ ១,៤៨៧ករណីដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានអះអាងថា នេះគឺជាលើកដំបូងបំផុតក្នុងរយៈពេល ៤៩ថ្ងៃមកនេះដែលប្រទេសរបស់លោកមិនមាន COVID-19 សូម្បីតែមួយករណី។ លោក Ashley Bloomfield បានបន្តថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏មិនមានការប្រែប្រួលអ្វីដែរ ដោយនៅត្រឹម ២០នាក់ដដែល ខណៈ ១,២៧៦នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា រដ្ឋាភិបាលនូវែលសេឡង់ បានទម្លាក់កម្រិតភាពអាសន្នពីលេខ ៤ មកនៅត្រឹមលេខ ៣ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយសម្រាប់កម្រិតលេខ ៣ នេះនឹងនៅតែបន្តមានសុពលភាព រយៈពេលយ៉ាងតិច ០២សប្ដាហ៍ រហូតដល់មានការសម្រេចចិត្តជាថ្មីនៅថ្ងៃទី១១ ខែឧសភា៕