(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ២៩៥ករណីថ្មី នាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ៩,២២៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។

បើតាមក្រសួងការសុខាភិបាលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៦០៧នាក់ ផងដែរ ក្រោយអ្នកស្លាប់ថ្មី៤នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ក្រសួងបន្ថែមថា អ្នកជំងឺជាសះស្បើយថ្មីមាន៩០នាក់ ធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់ ១,២១៤នាក់។

គួរជម្រាបថា រដ្ឋាភិបាលហ្វីលីពីន បានសម្រេចចិត្តបិទជើងហោះហើរដឹកអ្នកដំណើរទាំងអស់ មកកាន់ប្រទេសរបស់ខ្លួនជាបណ្ដោះអាសន្ន រយៈពេលមួយសប្ដាហ៍ ចាប់ពីព្រឹក ថ្ងៃអាទិត្យនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 និងជួយសម្រួលបន្ទុកដល់កន្លែងធ្វើចត្តាឡីស័ក ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលទើបត្រឡប់មកពីបរទេស៕