(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០១ករណីប៉ុណ្ណោះនៅទូទាំងចិនដីគោកតែម្តង ហើយ ០១ករណីនេះទៀតសោត គឺជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

បើបូកបញ្ជូលករណីឆ្លងថ្មី ដែលជាករណីនាំចូល ០១ករណីខាងលើនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៧៥ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់នៅក្នុងរយៈពេលដូចគ្នានេះ។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៦៨៥នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៤៣នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសុក្រម្សិលមិញនេះ៕