(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា ច្បាស់ណាស់ការដំឡើងពន្ធ គឺជាជម្រើសមួយ ខណៈដែលលោកកំពុងពិចារណាពី មធ្យោបាយ ដើម្បីសងសឹកទៅលើចិន ព្រោះលោកចាត់ទុកចិនថា ជាអ្នកបណ្តោយឲ្យជំងឺ COVID-19 រាតត្បាតពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ជាក់ស្តែងយើងមិនពេញចិត្តចំពោះអ្វីដែលបានកើតឡើង ហើយស្ថានការណ៍ បច្ចុប្បន្នគឺអាក្រក់ខ្លាំង ដោយជំងឺនេះបានរាតត្បាតដល់ប្រទេសជាង ១៨០ ពាសពេញពិភពលោក។ ច្បាស់ណាស់ ការដំឡើងពន្ធ នឹងជាជម្រើសមួយ ដើម្បីឆ្លើយតប»។ កន្លងទៅក្នុងសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកប្រហែលនឹងសងសឹកទៅលើចិន បន្ទាប់ពីទទួលរងការប៉ះពាល់ធ្ងន់ធ្ងរ ពីការរាតត្បាតនៃ COVID-19 ដែលចាប់ផ្តើមដំបូងចេញពីទីក្រុងវូហានរបស់ចិន។

គួរជម្រាបថា បើតាមវែបសាយ Worldometers ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ១,១៣១,២៨០នាក់ ក្នុងនោះស្លាប់ ៦៥,៧៦៦នាក់ ដែលជាចំនួនឆ្លង និងស្លាប់ច្រើនដាច់គេនៅពិភពលោក។

យ៉ាងណាមិញ ទាក់ទងការចោទប្រកាន់ពីអាមេរិក ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស ទើបតែបានលើកឡើងថា ចិនគឺជាជនរងគ្រោះដូចប្រទេសដទៃទៀតយ៉ាងដូច្នោះដោយសារ COVID-19 មិនមែនជាប្រភពបញ្ហា... ជាប្រភពបង្កើតវីរុសឡើយ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានអំពាវនាវឲ្យអាមេរិក ឈប់យកបញ្ហា COVID-19 ទៅលាយឡំជាមួយរឿងនយោបាយ និងគួរងាកមករួមសហការគ្នា ដើម្បីកម្ចាត់វីរុសសកលនេះវិញ ទើបជារឿងត្រឹមត្រូវ៕