(បាប៊ូចា)៖ បន្ទាប់ពីកើតមានហេតុការណ៍​បាក់រលំអគារកំពុងសាងសង់មួយកន្លែង ស្ថិតនៅទីក្រុងអូវែរី (Owerri) ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ានៅក្នុងសប្តាហ៍នេះ មនុស្សសរុប ១៥នាក់ហើយ​ត្រូវបានគេអះអាងថា ស្លាប់ និងមួយចំនួនទៀតនៅបន្តជាប់ខ្លួន​ក្រោមគំនរអគារបាក់រលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

ជុំវិញហេតុការណ៍ខាងលើនេះ លោក អ៉ីវ៉ានស៍ អ៊ូហ្គោហ៍ (Evans Ugoh) មន្ត្រីដឹកនាំបេសកកម្មសង្គ្រោះនៅក្នុងរដ្ឋ អ៉ីម៉ូ (Imo) បានលើកឡើងថា «មនុស្សមួយចំនួនទៀត កំពុងជាប់ខ្លួននៅក្នុងគំនរបាក់បែកនៃអគារ»។ ដោយឡែកមនុស្ស ០៨នាក់ទៀត​ក៏បានទទួលរងរបួសផងដែរ ហើយជនរងគ្រោះទាំងអស់សុទ្ធតែជាកម្មករសាងសង់អាគារខាងលើតែម្តង។

គួរបញ្ជាក់ថា សម្រាប់ការស៊ើបអង្កេតបឋម​ក្រោយការហេតុការណ៍បាក់អគារ​កំពុងសាងសង់កម្ពស់ ០៨ជាន់មួយនេះបានកើតមានឡើង​កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាជ្ញាធរមានការសង្ស័យចំពោះ ការសាងសង់ដោយរំលោភលើ​បទដ្ឋានបច្ចេកទេស៕