(វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រតូចមួយគ្រឿងនឹងត្រូវបញ្ជូនទៅកាន់ភពអង្គារ (Mars) ជាមួយបេសកកម្មយានរ៉ូបូតអាចចល័តបានឆ្នាំ២០២០ ដែលមានឈ្មោះថា Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅ ថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

កន្លងទៅក្នុងសប្តាហ៍នេះ អង្គការ NASA បានប្រកាសឲ្យដឹងថា កូនឧទ្ធម្ភាគចក្រខ្នាតតូចខាងលើនឹងធ្វើដំណើរជាមួយយាន Perseverance ដែលបច្ចុប្បន្នត្រូវបានគ្រោងនឹងបញ្ជូនចេញពីផែនដីនៅខ្ទង់ខែកក្កដា ឆ្នាំ២០២០ ដើម្បីស្ទាបស្ទង់មើលពីការប្រើប្រាស់ឧបករណ៍សម្រាប់ការ ហោះហើរនៅក្នុងបរិយាកាសដ៏ស្តើងរបស់ភពក្រហមនេះ ថាតើវាអាចទៅរួចដែរឬទេ។

គួរជម្រាបថា ឧទ្ធម្ភាគចក្រតូចនោះត្រូវបាន NASA សម្រេចដាក់ឈ្មោះឲ្យជាផ្លូវការថា «Ingenuity»។ វានឹងមានឱកាសអាចក្លាយជាគ្រឿង យន្តដំបូងបំផុត ដែលហោះហើរនៅភពដទៃទៀតក្រៅពីផែនដី៕