(ប៉េកាំង)៖ មកទល់ពេលនេះយានរ៉ូបូត យូទូ ២ (Yutu-2 ឬ Jade Rabbit-2) របស់ចិន ចល័តបានចម្ងាយសរុប ៤៤៧.៦៨ម៉ែត្រហើយ នៅលើផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា far side ឬ dark side ជាមួយការស្រាវជ្រាវជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រង កម្មវិធីរុករកទីអវកាស និងឋានព្រះច័ន្ទ នៃទីភ្នាក់ងារអវកាសចិន (CNSA) ទាំងយានចុះចត និងយានរ៉ូបូតខាងលើ នៃបេសកកម្ម ឆាងអឺ ៤ (Chang'e-4) ទើបតែបានបញ្ចប់ការងាររបស់ពួកវាសម្រាប់ថ្ងៃទី ១៧ នៅលើផ្ទះព្រះច័ន្ទហើយបានប្តូរមុខងារ (mode) ទៅជាការសម្រាក សម្រាប់ពេលរាត្រីនៅទីនោះ ដោយសារតែកង្វះថាមពលពីពន្លឺព្រះអាទិត្យ។ សម្រាប់មួយថ្ងៃនៅលើផ្ទៃព្រះច័ន្ទ គឺស្មើនឹង ១៤ថ្ងៃលើផែនដី។

បេសកកម្ម Chang'e-4 របស់ប្រទេសចិន ដែលត្រូវបានបញ្ជូនចេញពីផែនដី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានបង្កើតកំណត់ត្រាលើក ដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត តាមរយៈការចុះចតដោយជោគជ័យនៅរណ្តៅអាចម៍ផ្កាយ វ៉ុនខាមែន (Von Karman) ក្នុងតំបន់រណ្តៅអាចម៍ផ្កាយអេតខិន (South Pole-Aitken Basin) នៃផ្ទៃរបស់ព្រះច័ន្ទដែលមិនបែរមករកផែនដី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩៕