(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងបានយល់ព្រមបង់ថ្លៃចាយវាយបន្ថែម សម្រាប់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងបែបនេះ កំឡុងផ្ដល់បទសម្ភាសន៍​ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នៅឯសេតវិមាន និងផ្ដោតទៅលើកិច្ចចរចា​ដែលកំពុងធ្វើឡើង ដើម្បីកំណត់ថាតើកូរ៉េខាងត្បូង ត្រូវបង់ថ្លៃការពារប៉ុន្មាន​ទើបសមរម្យឱ្យកងទ័ពអាមេរិក ២៨,៥០០នាក់ ឈរជើងលើទឹកដីកូរ៉េខាងត្បូងបន្តទៀត។

នាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចចុះកិច្ចព្រមព្រៀងមួយបាន ហើយពួកគេ (កូរ៉េខាងត្បូង) ពិតជាចង់បានកិច្ចព្រមព្រៀង។ ពួកគេបានយល់ព្រម​បង់ថ្លៃចំណាយបន្ថែម... ពួកគេកំពុងបង់ថ្លៃចំណាយកាន់តែច្រើន ចាប់តំាងពីពេលខ្ញុំក្លាយជាប្រធានាធិបតី»

យ៉ាងណាក៏ដោយ ភាគីកូរ៉េខាងត្បូងមិនទាន់ឆ្លើយតបអ្វី​ទៅនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា កិច្ចចរចានៅតែបន្តដំណើរនៅឡើយ។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ត្រាំ បាននិយាយថា លោកបានបដិសេធការសំណើមួយពីកូរ៉េខាងត្បូង ពីព្រោះលោកយល់ថា សម្ព័ន្ធមិត្តអាស៊ីមួយនេះគួរតែបង្កើនការបង់ថ្លៃចំណាយ។ បើតាមសេចក្ដីរាយការណ៍មុនៗ កូរ៉េខាងត្បូងត្រូវបានតម្រូវឱ្យបង់ប្រាក់ ១៣ភាគរយ ពីលើប្រាក់ដែលបានបង់ឱ្យកងទ័ពអាមេរិក ២៨,៥០០នាក់ចំនួន ៨៧០លានដុល្លារកាលពីឆ្នាំ២០១៩៕