(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានប្រាប់ឲ្យដឹងថា អង្គការសហប្រជាជាតិ (UN) និងអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងបណ្តាប្រទេស G20 បានសម្រេចផ្តួចផ្តើមកម្មវិធីរយៈពេលវែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ជំងឺ COVID-19 ជាមួយនឹងថវិកាចំនួន ៧.៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

លោក Sergey Lavrov បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយអគ្គនាយករងទីភ្នាក់ងារសារព័ត៌មាន TASS គឺលោក មីខេល ហ្គាស់មែន (Mikhail Gusman) កាលពីថ្ងៃពុធម្សិលមិញនេះ។ នាឪកាសនោះលោកបានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលគ្រោះថ្នាក់បំផុត ប្រហែលជានឹងកើតឡើង ប្រសិនបើជំងឺរាតត្បាតសកលនេះ រលត់បាត់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយ ដើម្បីត្រៀមប្រយុទ្ធនឹងការគំរាមកំហែង ជាសកលថ្មីណាមួយទៀត នាពេលអនាគតទេនោះ។ ដូច្នេះអ្វីដែលកំពុងកើតឡើងនេះ វាពិតជាសំខាន់ណាស់ ជាពិសេសគម្រោងនេះ វាត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងបណ្តាប្រទេស G20..»

ត្រង់ចំនុចខាងលើនេះលោក ឡាវរ៉ូវ បានគូសបញ្ជាក់ថា «កម្មវិធីបែបនេះបានបង្កើតឡើង និងមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងនាមជាប្រធាន G20។ វាត្រូវបានគេរំពឹងថា នឹងមានរយៈពេលជាងមួយឆ្នាំ ខណៈទឹកប្រាក់ចំនួន ៧.៥ពាន់លានដុល្លារអាមេរិកត្រូវបានប្រកាស»

ប្រមុខកាទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រទេសរុស្ស៊ីអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ លោកបានពន្យល់ថា ឥឡូវនេះពិភពលោកកំពុងផ្តើម បង្ហាញពីទំនោរពហុភាគីបែបនេះហើយ លើកលែងតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលកំពុងបិទទ្វារព្យាយាមដោះស្រាយវិបត្តិនេះតែឯង៕