(បរទេស)៖ វិធានការបិទប្រទេស និងរឹតត្បិតនានាប្រឆាំងនឹង COVID-19 បាននិងកំពុងផ្ដល់ឱកាសឱ្យសត្វជាច្រើន រីករាយនឹងសេរីភាពរបស់ពួកវា នៃពិភពលោកដ៏ស្ងប់ស្ងាត់ ដោយពួកអាចដើរហើរ និងហែលទឹកលេង តាមអំពើចិត្ត ហើយខ្លះទៀតអាចចូលលេងដល់ទីក្រុង កំឡុងការឆ្លងរាតត្បាតនៃចំនួនដ៏កាចសាហាវមួយនេះ ដែលបានផ្ដាច់ ជិវិតមនុស្សច្រើនជាង ២០ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងសរុប ទូទាំងពិភពលោកលើស ៣លាននាក់នោះ។

នៅឯតំបន់ដែនទឹក បូសផររឹស (Bosphorus) ទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី ជាធម្មតាគឺជាផ្លូវទឹកដ៏មមាញឹកសម្រាប់នាវាកម្សាន្ត និងដឹកទំនិញឆ្លងកាត់។ ប៉ុន្តែបច្ចុប្បន្ន ដោយសារតែប្រជាជនតួកគី រួមទាំងក្រុមអ្នកនេសាទ ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ វាបានផ្ដល់ឱកាសឱ្យត្រីដូលហ្វីន (dolphin) ហែល និងលោតលេងលើផ្ទៃទឹកយ៉ាងសប្បាយ។

ចំណែកឯនៅទីក្រុង ហាអ៉ីហ្វា (Haifa) សត្វជ្រូកព្រៃជាច្រើនក្បាលបានចូលទៅក្នុងក្រុងតែម្ដង ខណៈនៅប្រទេសថៃ សត្វជ្រូកព្រៃ (dugong) រហូតដល់ទៅច្រើនជាង ៣០ក្បាល បានបង្ហាញខ្លួន យ៉ាងកម្រ និងត្រូវបានថតជាប់ដោយកាមេរ៉ា ពីសកម្មភាពហែលរបស់ពួកវា នៅឧទ្យានជាតិ ហាត់ចៅម៉ៃ (Hat Chao Mai National Park)។

បន្ថែមពីលើនេះនៅក្នុងទីក្រុង សាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី សត្វខ្លា (cougars) ក៏បានចូលទៅដល់តំបន់ផ្ទះអ្នកភូមិផងដែរ ហើយខ្លះត្រូវគេបានចាប់ និងត្រូវដោះលែងឱ្យទៅព្រៃវិញទៀតផង។ ប៉ុន្តែសេរីភាព និងពេលវេលាដ៏សប្បាយរបស់សត្វព្រៃទាំងនោះ ប្រហែលជាអាចជារយៈពេលខ្លីក៏ថាបាន ដោយអាស្រ័យលើការដោះស្រាយបញ្ហា COVID-19 នៃប្រទេសនីមួយៗ។ ដោយឡែកការបំពុលបរិយាកាសវិញ មានសភាពថមថយគួរឱ្យកត់សម្គាល់ផងដែរ កំឡុងការឆ្លងរាតត្បាត COVID-19 លើភពផែនដីនេះ៕

ប្រភព៖ BBC (នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០)