(វ៉ាស៊ីនតោន)៖ វីដេអូដែលមន្ទីរការពារជាតិអាមេរិកបញ្ចកោណអះអាងថា ត្រូវបានថតកាលពីឆ្នាំ២០០៤ និងឆ្នាំ២០១៥ ដោយអាកាសយានិក លើយន្តហោះចម្បាំងអាមេរិក និងត្រូវបានបែកធ្លាយកាលពីឆ្នាំ២០០៧ និង២០១៧នោះ នៅទីបំផុតត្រូវបានទម្លាយជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

វីដេអូដែលត្រូវបានទម្លាយខាងលើនេះ គឺមានចំនួន ០៣ឃ្លីប ដែលដូចទៅហ្នឹងខ្សែវីដេអូត្រូវបានបែកធ្លាយនាប៉ុន្មានឆ្នាំមកនេះដែរ ដោយវាបង្ហាញអំពីសកម្មភាពនៃវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណ ឬមនុស្សសាមញ្ញតែងហៅថា UFO ហោះរេពីលើផ្ទៃពពក និងសមុទ្រ ខណៈកាមេរ៉ាលើយន្តហោះចម្បាំង ព្យាយាមចាប់យកសកម្មភាព ដើម្បីកំណត់រូបរាងរបស់ UFO នោះឲ្យច្បាស់លាស់ តែនៅតែមិនអាចធ្វើបាន។

សម្រាប់វីដេអូមួយ ដែលត្រូវបានថតកាលពីឆ្នាំ២០០៤ គឺស្ថិតនៅក្បែរតំបន់ឆ្នេរ នៃភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា ខណៈវីដេអូ២ទៀត ត្រូវបានថតដោយពីឡុត នៅលើយន្តហោះចម្បាំង F-18 ស្ថិតនៅបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិច នៃភាគខាងកើតសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥។ សម្រាប់វីដេអូទាំងពីរ នៅឆ្នាំ២០១៥ ពីឡុតម្នាក់នៅលើយន្តហោះចម្បាំងបានសម្តែងការភ្ញាក់ផ្អើល ទៅនឹងល្បឿនដ៏លឿនរបស់ UFO នោះ ខណៈពីឡុតម្នាក់ទៀតបានសន្មត់ថា វាជាអាចជាដ្រូន។

គួរបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ វីដេអូដែលត្រូវបានបែកធ្លាយកាលពីឆ្នាំ២០០៧ និង ២០១៧ នោះ ជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការទទួលស្គាល់ថា ខ្សែវីដេអូទាំង ០៣ឃ្លីបខាងលើនេះ គឺជាការពិត ប៉ុន្តែវត្ថុដែលស្ថិតនៅក្នុងវីដេអូនោះ ក៏នៅតែមិនមាននរណាអាចបញ្ជាក់ថា ជាអ្វីឲ្យប្រាកដនោះឡើយ។

ដោយឡែកសម្រាប់ការបញ្ចេញខ្សែវីដេអូទាំង ០៣ឃ្លីបខាងលើនេះជាសាធារណៈ នៅពេលនេះតែម្តង ត្រូវបានមន្ទីរបញ្ចកោណអាមេរិកបញ្ជាក់ថា គឺជាការឆ្លើយតបទៅតាមសំណូមពរ របស់សាធារណមតិជាច្រើន ជាពិសេសប្រជាជនអាមេរិក ដែលចង់ដឹងការពិតជុំវិញរឿងនេះ ហើយវាក៏គ្មានអ្វី ដែលត្រូវលាក់បាំងទៀតនោះដែរ៕