(បាងកក)៖ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង COVID-19 ហៅកាត់ថា CCSA របស់ថៃ នាថ្ងៃចន្ទនេះ បានសម្រេចថា ប្រទេសថៃនឹងត្រូវបន្តស្ថិតក្នុងគ្រាមានអាសន្នបន្ថែម១ខែទៀត គឺដល់ដាច់ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យមជ្ឈមណ្ឌល CCSA លោក Taweesilp Visanuyothin បាននិយាយថា បន្ទាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវផុតនៅថ្ងៃទី​៣០ ខែមេសា ឆាប់ៗខាងមុខនេះ វានឹងត្រូវបន្តមួយខែទៀតដល់ចុងខែឧសភា។ យោងតាមលោក Taweesilp ហេតុផលនៅពីក្រោយការ​សម្រេចចិត្តបែបនេះ គឺដោយសារក្តីព្រួយបារម្ភថា ជំងឺ COVID-19 អាចនឹងត្រឡប់មកវាយប្រហារក្នុងកម្រិតធ្ងន់សាជាថ្មី ខណៈមជ្ឈមណ្ឌល​របស់លោកកំពុងតែបន្តខិតខំព្យាយាមបញ្ឈប់ការឆ្លងរាលដាលឲ្យអស់ពីលទ្ធភាព។

លោក Taweesilp បានបញ្ជាក់ថា ដោយសារតែប្រទេសថៃនឹងត្រូវបន្តក្នុងគ្រាអាសន្ន នោះបម្រាមគោចរពេលយប់ ពីម៉ោង១០យប់-៤ទាបភ្លឺ ក៏នឹងត្រូវបន្តដូចគ្នា ហើយការជួបជុំផ្តុំគ្នានៅតែត្រូវហាមឃាត់ ខណៈការធ្វើដំណើរឆ្លងខេត្ត នៅតែស្ថិតក្រោមការដាក់កំហិត ក្នុងចំណោម​ការរឹតត្បិតដទៃៗទៀតដែលមានស្រាប់។ ប៉ុន្តែក៏អាចនឹងមានការបន្ធូរបន្ថយខ្លះៗដែរ។ ចំណែកជើងហោះហើរអន្តរជាតិចូលក្នុងប្រទេសថៃ ដែលត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី០៤ ខែមេសា នឹងត្រូវបន្តរហូតដល់ដាច់ខែឧសភាដូចគ្នា។

គួរជម្រាបថា បច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសថៃ មាន២,៩៣១នាក់ ក្នុងនោះស្លាប់៥២នាក់ និង២,៦០៩នាក់ ឬស្មើ​នឹង៨៩ភាគរយនៃអ្នកជំងឺសរុប បានជាសះស្បើយ។ សម្រាប់អ្នកឆ្លងថ្មីដែលថៃរាយការណ៍ក្នុងថ្ងៃនេះ គឺមានត្រឹម០៩នាក់ប៉ុណ្ណោះ ខណៈ​នៅរាជធានីបាងកក ដែលកន្លងមកជាចំណុចឆ្លងខ្លាំងគឺពុំមានករណីឆ្លងថ្មីទេ៕