(ហ្សាការតា)៖ ចំនួនអ្នកឆ្លង COVID-19 សរុប នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៩,០៩៦នាក់ បន្ទាប់ករណីឆ្លងថ្មីចំនួន ២១៤ ត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះ មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានបញ្ជាក់ទៀតថា អាជ្ញាធរក៏បានរកឃើញអ្នកស្លាប់ ដោយសារ COVID-19 ២២នាក់បន្ថែមទៀតដែរ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦៥នាក់ ខណៈអ្នកជំងឺ ១,១៥១នាក់ បានជាសះស្បើយ។ លោកបន្ថែមថា មកទល់នឹងពេលនេះ មនុស្សច្រើនជាង ៥៩,០០០នាក់ ទទួលការធ្វើតេស្ដរក COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕