(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញ COVID-19​ ៧៩៩ករណីថ្មី ធ្វើឱ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១៤,៤២៣នាក់ ខណៈអ្នកស្លាប់មាន១២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីថ្មីៗខាងលើ មាន១៤ករណីជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ហើយករណីនៅសល់ដទៃទៀតគឺជា ពលករកាន់ប័ណ្ណបម្រើការងារ រយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករបរទេស។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី តួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃខាងលើ បានធ្លាក់ចុះ បើធៀបទៅនឹងកាលពីថ្ងៃអាទិត្យម្សិលមិញមាន ៩៣១នាក់។

គួរជម្រាបថា ទីតាំងស្នាក់នៅសម្រាប់ពលករបរទេសសរុប២៥កន្លែងនៅសិង្ហបុរី ត្រូវបានចាត់ទុកជា កន្លែងដាក់ឲ្យនៅដាច់ដោយឡែក។ នៅចំពោះមុខការកើនឡើងនៃ ចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕