(ឡុងដ៍)៖ ក្មេងស្រីតូចម្នាក់អាយុត្រឹម១ខួប និងក្មេងប្រុសម្នាក់ទៀតអាយុ៣ឆ្នាំ បានរងការចាក់រហូតបណ្តាលឲ្យស្លាប់ ដែលហេតុការណ៍​នោះ បានកើតឡើងនៅក្រុង Ilford ក្បែរទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

កាលពីវេលាម៉ោង០៥៖៣០នាទីល្ងាចថ្ងៃសៅរ៍ (ម៉ោងក្នុងទីក្រុងឡុងដ៍) ប៉ូលិសអង់គ្លេសបានដឹកនាំកម្លាំងទៅកាន់កន្លែងកើតហេតុ បន្ទាប់ពី​មានសេចក្តីរាយការណ៍អំពីបុរសម្នាក់ និងក្មេងតូចៗ២នាក់ដែលបានទទួលរងរបួស នៅក្រុង Ilfford។ ក្មេងស្រីតូចអាយុ១ឆ្នាំ ត្រូវបានប៉ូលិស​បញ្ជាក់ថា ស្លាប់នៅនឹងកន្លែង រីឯក្មេងប្រុសអាយុ៣ឆ្នាំស្លាប់នៅមន្ទីរពេទ្យ។ ចំណែកបុរសអាយុ៤០ឆ្នាំ កំពុងបន្តទទួលការជួយសង្រ្គោះនៅ​ក្នុងមន្ទីរពេទ្យ។ នៅលើខ្លួនអ្នកទាំងបី មានស្នាមរបួសដោយសារផ្លែកាំបិត។

គួរជម្រាបថា បើប៉ូលិសអង់គ្លេស អ្នកទាំងបីគឺមានទំនាក់ទំនងនឹងគ្នា ប៉ុន្តែពុំមានការបញ្ជាក់ថា ជាឪពុកនិងកូនឬមួយក៏យ៉ាងណានោះទេ ខណៈការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើង និងកំពុងតែបន្តប្រព្រឹត្តទៅជុំវិញករណ៍នេះ៕