(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ COVID-19 ៦,១៩៨ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លង សរុបទូទាំងប្រទេសកើនដល់ ៨៧,១៤៧នាក់ ដែលជាតួលេខអ្នកឆ្លងខ្ពស់ជាងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី អ្នកជំងឺ COVID-19 ៤៧នាក់បន្ថែមទៀត បានស្លាប់ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៧៩៤នាក់ផងដែរ។ ចំណែកឯ តួលេខឆ្លង ៨៧,១៤៧នាក់ បានធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសទី៩ មានចំនួនអ្នកឆ្លងលើសប្រទេសចិន ដែលមានចំនួនអ្នកឆ្លងសរុបគិតត្រឹមថ្ងៃចន្ទនេះ ៨២,៨៣០នាក់៕