(ញូវដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ៤៦នាក់បន្ថែមទៀត ខណៈករណីឆ្លងថ្មីៗចំនួន ៩៧៥ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៨៧២នាក់ហើយ»

ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៧៥ករណី បន្ថែមទៀតត្រូវបានរាយការណ៍ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៧,៨៩២ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៦,១៨៥នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជា់ថា ចាប់តាំងពីដើមទីមកម៉្លេះ ប្រទេសដែលមានចំនួនប្រជាជនជិត ១.៤ពាន់លាននាក់មួយនេះ បានចាត់វិធានការបិទប្រទេសយ៉ាងតឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបើគិតត្រឹមថ្ងៃចន្ទនេះ គឺមានរយៈពេល ៣៤ថ្ងៃជាប់ៗគ្នាមកហើយ៕