(កង់បេរ៉ា)៖ កម្មវិធីស្វែងរកអ្នកឆ្លងជំងឺ COVID-19 របស់រដ្ឋាភិបាលអូស្រ្តាលី ទទួលបានគាំទ្រជាខ្លាំងពីប្រជាជនអូស្រ្តាលី គឺគ្រាន់តែដាក់ឲ្យដំណើរការភ្លាម ក៏មានអ្នកទាញយកទៅប្រើ ច្រើនជាងមួយលាននាក់ ក្នុងពេលត្រឹមប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

កម្មវិធីលើទូរស័ព្ទដៃមានឈ្មោះថា កូវីតសេហ្វ (COVIDSafe) ត្រូវបានដាក់ឲ្យដំណើរការកាលពីវេលាម៉ោង ០៦៖០០នាទីល្ងាច (ម៉ោងស្តង់ដានៅតំបន់ ភាគខាងកើតប្រទេសអូស្រ្តាលី) ថ្ងៃអាទិត្យម្សិលមិញ។ ជុំវិញរឿងនេះ រដ្ឋមន្រ្តីសុខាភិបាលអូស្ត្រាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) នាព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា គ្រាន់តែដល់ម៉ោង ១០៖៣០នាទីយប់ម្សិលមិញ កម្មវិធី COVIDSafe ទទួលបានការទាញយកទៅប្រើប្រាស់ច្រើនជាង ១លានដង ហើយដល់ម៉ោង ០៦៖០០នាទីព្រឹកថ្ងៃចន្ទនេះ ចំនួនទាញយកឡើងដល់ ១.១៣លាននាក់។

បើតាមលោក Hunt តួលេខអ្នកទាញយកទៅប្រើប្រាស់នៃកម្មវិធីនេះ គឺហួសពីការរំពឹងទុករបស់រដ្ឋាភិបាលអូស្រ្តាលីឆ្ងាយ ដោយរដ្ឋាភិបាលបានរំពឹងថា ទាល់តែរយៈពេលយ៉ាងតិច ០៥ថ្ងៃឯណោះ ទើបមានការទាញយកដល់ខ្ទង់ ១លានដង។

គួរជម្រាបថា កម្មវិធី COVIDSafe ប្រើប្រាស់បច្ចេកវិទ្យា Bluetooth ដើម្បីឆែកមើលថា តើមានអ្នកកាន់ទូរស័ព្ទដែលមានដំឡើងកម្មវិធីដូចគ្នា នៅរង្វង់គម្លាត ១.៥ម៉ែត្រពីអ្នកប្រើប្រាស់ដែរ ឬក៏អត់។ ម៉្យាងវិញទៀត ប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 នោះអាជ្ញាធរសុខាភិបាលអូស្រ្តាលីអាចប្រើប្រាស់កម្មវិធី COVIDSafe ស្វែងរកអ្នកប្រើប្រាស់កម្មវិធីដូចគ្នាដទៃទៀត ដែលប្រហែលជាបាននៅក្បែរ ឬធ្វើប្រាស្រ័យទាក់ទងជាមួយអ្នកតេស្តវិជ្ជមាននោះ ហើយជូនដំណឹងដល់ពួកគេថា ពួកគេក៏ប្រហែលបានឆ្លង COVID-19 ដែរ។

លោករដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី បានគូសបញ្ជាក់ដូច្នេះថា «កម្មវិធីនេះគឺជាឧបករណ៍បន្ថែមពីលើ វិធានការការពារដែលកំពុងមានស្រាប់ ហើយយើងសង្ឃឹមថា កម្មវិធីនេះនឹងអាចជួយពួកយើងក្នុងការស្វែងរកករណីឆ្លង ដែលប្រហែលកំពុងលាក់ខ្លួនតាមសហគមន៍ ដោយយើងមិនបានដឹង »

សម្រាប់តួលេខអ្នកឆ្លងនៅទូទាំងប្រទេសអូស្រ្តាលីវិញគឺស្ថិតនៅ ៦,៧១៩ករណី ដែលអត្រាឆ្លងថ្មីបានធ្លាក់ចុះទាបខ្លាំង តាំងពីប្រទេសនេះបានចាត់វិធានការ ការពារតឹងរ៉ឹងជាច្រើន។ ក្នុងចំណោមតួលេខអ្នកឆ្លងនោះមាន ៨៣នាក់ស្លាប់ និងជាសះស្បើយរហូតដល់ ៥,៥៨៤នាក់ ស្មើនឹង ៨៣.១ភាគរយជាសះស្បើយ៕