(អេស្ប៉ាញ)៖ កុមារត្រូវបានគេអនុញ្ញាតឲ្យចេញក្រៅពីផ្ទះ នៅរដ្ឋធានី Madrid របស់ប្រទេសអេស្ប៉ាញ នាថ្ងៃអាទិត្យនេះ, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។
ឪពុកម្តាយ និងកូនរបស់ពួកគេ បានចាប់ផ្តើមបង្ហាញខ្លួននៅតាមដងផ្លូវភ្លាមៗ បន្ទាប់ពីម៉ោង៩ព្រឹក (ពេលវេលាក្នុងតំបន់) ដែលនេះគឺជាការចាប់ផ្តើម បន្ធូរបន្ថយការដាក់កុមារ ដែលមានអាយុក្រោម១៤ឆ្នាំ ឲ្យនៅក្នុងផ្ទះ។
វាគឺជាពេលវេលាចេញក្រៅផ្ទះជាលើកដំបូងរបស់កុមារ នៅក្នុងរយៈពេល៦សប្តាហ៍ ចាប់តាំងពីការដាក់ប្រទេសស្ថិតក្នុងភាពអាសន្នបានចាប់ផ្តើម។
រដ្ឋាភិបាលអេស្ប៉ាញ បច្ចុប្បន្ននេះបានអនុញ្ញាតឲ្យកុមារ ចេញក្រៅផ្ទះម្តងក្នុងមួយថ្ងៃ សម្រាប់រយៈពេល១ម៉ោង ក្នុងចម្ងាយជិត១គីឡូម៉ែត្រ ពីផ្ទះរបស់ពួកគេ ព្រមជាមួយនឹងមនុស្សពេញវ័យម្នាក់ នៅជាមួយពួកគេ។
តាមទិន្នន័យពីក្រសួងសុខាភិបាល បានឲ្យដឹងថា មានមនុស្ស២៨៨នាក់បានស្លាប់បាត់បង់ជីវិត ដោយសារវីរ៉ុស COVID-19 នៅថ្ងៃអាទិត្យនេះ ដែលចំនួននេះ ជាចំនួនស្លាប់តិចជាងគេបំផុត គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា។ ប៉ុន្តែវាមានការកើនឡើង១,៣ភាគរយ ធៀបនឹងថ្ងៃម្សិលមិញ៕